ភ្នំពេញ ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃ បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ចំពោះការបោកបញ្ឆោត លក់ទំនិញតម្លៃថោកខុសប្រក្រតី នៅតាមបណ្ដាញសង្គម។
ការក្រើនរំលឹករបស់ អគ្គនាយកដ្ឋាន បែបនេះ បន្ទាប់ពីនាពេលថ្មីៗនេះ ក្រុមការងារបច្ចេកទេស នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានសង្កេតឃើញថា មានជនខិលខូច បានប្រើប្រាស់បណ្តាញសង្គម ដើម្បីផ្សព្វផ្សាយលក់ទំនិញក្នុង «តម្លៃថោកខុសពីធម្មតា» ក្នុងគោលបំណងបោកបញ្ឆោតយកប្រាក់ពីបងប្អូនប្រជាពលរដ្ឋ។
ករណីនេះ ក្រុមការងារ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ឱ្យប្រុងប្រយ័ត្នចំពោះល្បិចកល ដូចជា៖
-ការប្រើប្រាស់រូបភាព ឬវីដេអូក្លែងក្លាយ ៖ យករូបភាព ឬវីដេអូអ្នកដទៃមកបញ្ចូលសំឡេង (Voiceover) ជាភាសាខ្មែរ។
-ការផ្តល់តម្លៃទាបគួរឱ្យសង្ស័យ ៖ ដាក់តម្លៃទាបជាងទីផ្សារ ដើម្បីអូសទាញឱ្យអតិថិជនសម្រេចចិត្តទិញភ្លាមៗ។
-ការបង្ខំឱ្យបង់ប្រាក់មុន៖ តម្រូវឱ្យអតិថិជនកក់ប្រាក់ ឬវេរលុយទូទាត់មុនពេលដឹកជញ្ជូន រួចក៏បិទគណនី ឬ Block ជនរងគ្រោះ៕
