ព័ត៌មានជាតិ

ក្រសួងទេសចរណ៍ គាំទ្រ​ លើកម្មវិធីផ្សព្វផ្សាយទេសចរណ៍ តាមរយៈមុខម្ហូបផ្សារភ្ជាប់គោលដៅ ទេសចរណ៍ «ស្រុកខ្ញុំ ម្ហូបខ្ញុំ»

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ផ្តល់កិច្ចសហការគាំទ្រ​ លើកម្មវិធីផ្សព្វផ្សាយទេសចរណ៍ តាមរយៈមុខម្ហូបផ្សារភ្ជាប់ គោលដៅទេសចរណ៍ «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដែលផលិតដោយក្រុមហ៊ុន Viettel (Cambodia) Pte. Ltd (Metfone) ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក អ៊ុក ជីបផល តំណាងក្រុមហ៊ុន Viettel (Cambodia) Pte. Ltd (Metfone) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី ហួត ហាក់ បានគូសបញ្ជាក់ជូនក្រុមហ៊ុនថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សមេ្តចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា វិស័យទេសចរណ៍ ត្រូវបានចាត់ទុកជាវិស័យអាទិភាព ជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិដ៏សំខាន់ បន្តពីសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម​ តាមរយៈសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា រួមមានបេតិកភណ្ឌវប្បធម៌ ទេសភាពធម្មជាតិ និងម្ហូបអាហារដែលបង្កប់នូវអត្ថន័យ និងអត្តសញ្ញាណជាតិផងដែរ។

លោក អ៊ុក ជីបផល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យប្រតិភូក្រុមហ៊ុន ចូលជួបពិភាក្សាការងារលើសំណើសុំកិច្ចសហការគាំទ្រ ព្រមទាំងស្នើសុំអនុសាសន៍ដ៏មានតម្លៃ របស់លោករដ្ឋមន្រ្តីលើកម្មវិធី «ស្រុកខ្ញុំ ម្ហូបខ្ញុំ» ដែលត្រូវបានផលិតឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍ ផ្សារភ្ជាប់ជាមួយ ម្ហូបអាហារខ្មែរ ដើម្បីបង្កើនភាពទាក់ទាញដល់ភ្ញៀវជាតិ និងអន្តរជាតិទៅទស្សនា។ កម្មវិធីជំរុញទេសចរណ៍ដ៏មានសារៈសំខាន់នេះ នឹងត្រូវផ្សព្វផ្សាយតាមរយៈបណ្តាញផ្សព្វផ្សាយ របស់ក្រុមហ៊ុនដែលអាចទស្សនាបានគ្រប់ទី្វបនៃពិភពលោក។​

ជាកិច្ចឆ្លើយតប​ លោករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងថ្លែងអំណរគុណដល់ក្រុមហ៊ុន ចំពោះគំនិតផ្តួចផ្តើមដ៏ល្អក្នុងគោលបំណង លើកកម្ពស់សក្តានុពលទេសចរណ៍ និងផលិតផលកម្ពុជា តាមរយៈទេសចរណ៍ម្ហូបអាហារ។

ជាចុងក្រោយ លោករដ្ឋមន្ត្រី​ បានផ្តល់នូវកិច្ចសហការគាំទ្រផ្សព្វផ្សាយ កម្មវិធីនេះតាមរយៈបណ្តាញផ្លូវការរបស់ក្រសួង និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ដើម្បីផ្សព្វផ្សាយ កម្មវិធីនេះដល់ភ្ញៀវជាតិ និងអន្តរជាតិ ឱ្យមកទស្សនាគោលដៅទេសចរណ៍ ភ្លក្សមុខម្ហូបដ៏ឆ្ងាញ់ពិសាររបស់តំបន់នីមួយៗ ជាពិសេសទទួលយកនូវ បទពិសោធន៍ដោយផ្ទាល់៕

To Top