ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អតិថិជនចូលរួម «យុទ្ធនាការប្រើប្រាស់ទឹកដោយសំចៃ» ដើម្បីគាំពារបរិស្ថាន

ស្វាយរៀង ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអំពាវនាវដល់អតិថិជនទាំងអស់ចូលរួម «យុទ្ធនាការប្រើប្រាស់ទឹកដោយសំចៃ» ដើម្បីគាំពារបរិស្ថាន និងរក្សានិរន្តរភាព នៃសេវាផ្គត់ផ្គង់ទឹកស្អាត នៅកម្ពុជា។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតអណ្តូងតាសី ក្រុងស្វាយរៀង នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា បន្តដឹកនាំការពង្រីក វិសាលភាព ផ្គត់ផ្គង់ទឹកស្អាត, ទាំងក្នុង និង ក្រៅ ទីប្រជុំជន តាមរយៈ ការលើកទឹកចិត្តវិស័យឯកជន ឱ្យចូលរួមវិនិយោគ បន្ថែម ។ ទន្ទឹមនេះ, ត្រូវបន្តពង្រឹងការ អនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន តាមរយៈ ការគ្រប់គ្រងអាជ្ញាបណ្ណទឹកស្អាត ឱ្យបានម៉ឺងម៉ាត់ និងពង្រឹងសមត្ថភាពរបស់ប្រតិបត្តិករឯកជន។

សម្ដេចធិបតី បន្ដថា ពង្រឹងកិច្ចសហការ ជាមួយគ្រប់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍ និងវិស័យឯកជន ព្រមទាំង ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងឡាយ ដែលវិស័យទឹកស្អាតកំពុងជួបប្រទះ ជាពិសេស ការធានាបាននិរន្តរភាពប្រភពទឹក និងប្រភពទឹក ដែលគ្មានការបំពុល ។ សម្ដេច ថា «ទន្ទឹមនេះ សូមអតិថិជនទាំងអស់ ចូលរួម «យុទ្ធនាការប្រើប្រាស់ទឹកដោយសំចៃ» ដើម្បីគាំពារបរិស្ថាន ក៏ដូចជាធានាបាននូវ «ទឹកស្អាតសម្រាប់ទាំងអស់គ្នា» និង រក្សានិរន្តរភាព នៃសេវាផ្គត់ផ្គង់ទឹកស្អាត នៅកម្ពុជា»។

សម្ដេច នាយករដ្ឋមន្ដ្រី បន្តជំរុញស្វយ័តកម្ម រដ្ឋាករទឹកស្អាត នៅតាមទីប្រជុំជន, និង លើកទឹកចិត្តឱ្យមានការវិនិយោគ លើវិស័យទឹកស្អាត ក្នុងភូមិសាស្ត្រអាទិភាព ដោយត្រូវគិតគូរ, ទាំងលើទិដ្ឋភាព សេដ្ឋកិច្ច និងសង្គម, ព្រមទាំងកៀរគរហិរញ្ញប្បទាន ដែលមានលក្ខណៈសម្បទានខ្ពស់ និងហានិភ័យទាប ដើម្បីឱ្យអង្គភាពរដ្ឋាករទឹកសាធារណៈ ទទួលបានប្រាក់ចំណេញខ្ពស់ ដែលនឹងជួយទ្រទ្រង់ដល់ កំណើនរយៈពេលវែង និងការពង្រីកវិសាលភាព ផ្គត់ផ្គង់ទឹកស្អាត ទៅដល់តំបន់ដែលមានសក្ដានុពលទាប ឬតំបន់ដែលស្ទើរតែគ្មានសក្តានុពល៕

To Top