ព័ត៌មានជាតិ

សារដាស់តឿន ! អគ្គនាយកស៊ីម៉ាក់ ប្រាប់ពលរដ្ឋ ហាមប៉ះពាល់គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬយកចងព្យួរមុខផ្ទះ

ភ្នំពេញ៖ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានចេញសារដាស់តឿន និងបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ហាមប៉ះពាល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឬយកចងព្យួរមុខផ្ទះ ព្រោះថា​ការលើកដាក់​ ដឹកជញ្ជូន​ វាយដំ​ វាអាចបណ្តាលឱ្យផ្ទុះគ្រោះថា្នក់ បាត់បង់ជីវិតខ្លួនឯង​ និងអ្នកដទៃ ។

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦នេះ លោក ហេង រតនា បានបង្ហោះរូបភាពចំនួន៤សន្លឹក ដោយភ្ជាប់នូវខ្លឹមសារថា «សូមមេត្តាកុំយល់ច្រឡុំថា​ គ្រាប់មិនទាន់ផ្ទុះចងព្យួរទាំងនេះ​ សម្រាប់ដាក់លក់រាយស្អីនោះ​ ដឹងថាខុសច្បាប់ដែរ​ តែចងព្យួរទុកជូន ពូមីងខាង CMAC!! »។

លោក ហេង រតនា បញ្ជាក់ថា នេះទង្វើប្រកបដោយគ្រោះថ្នាក់​ និង ខុសឆ្គងទាំងស្រុង​ អង្គភាពCMAC បានអប់រំផ្សព្វផ្សាយ និងតែងតែអំពាវនាវ ហើយអំពាវនាវទៀត​ថា​ “ហាមប៉ះពាល់គ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ ឃើញនៅកន្លែងណា ដាក់សញ្ញាសម្គាល់​ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន​ ឬមន្ត្រីប៉ូលីស​ ឬមន្ត្រីCMACដែលនៅជិតបំផុត​ ព្រោះថា​ការលើកដាក់​ ដឹកជញ្ជូន​ វាយដំ​ វាអាចបណ្តាលឱ្យផ្ទុះគ្រោះថា្នក់ បាត់បង់ជីវិតខ្លួនឯង​ និងអ្នកដទៃ”! ៕

To Top