ព័ត៌មានជាតិ

សាស្រ្តាចារ្យ ឈាង រ៉ា ជំរុញឱ្យយកចិត្តទុកដាក់ បន្តអនុវត្តការពិនិត្យ មរណភាពមាតា និងទារក

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ា បានជំរុញឱ្យបុគ្គលិកសុខាភិបាលយកចិត្តទុកដាក់ បន្តអនុវត្តការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបជាលក្ខណៈប្រព័ន្ធ ឱ្យបានកាន់តែរស់រវើក ប្រសើរឡើងនៅគ្រប់រាជធានី-ខេត្ត ។

ក្នុងឱកាសអញ្ជើញជាអធិបតីពិធីបិទ «សិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប» នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យ ឈាង រ៉ា លើកឡើងថា ក្រសួងបាន ប្រឹងប្រែងពង្រឹង ប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ បុគ្គលិកសុខាភិបាល ដើម្បីបម្រើសេវាសុខភាព ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សុវត្ថិភាព សមធម៌ និង គោរពក្រមសីលធម៌វិជ្ជាជីវៈ ក្នុងការបម្រើសេវាជូនប្រជាជន ។

បន្ថែមពីនេះ សាស្រ្តារដ្ឋមន្រ្តីបានជំរុញឱ្យក្រុមការងារ បច្ចេកទេសស្រាវជ្រាវ មរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតបនៃគណៈកម្មការសម្របសម្រួល ដើម្បីពង្រឹងគុណភាពថែទាំ ព្យាបាល លើកកម្ពស់សុខភាពមាតា ទារក និងកុមារឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍ថា ដើម្បីធ្វើឱ្យកាន់តែទទួលបានលទ្ធផលប្រសើរឡើងនៃមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយត្រូវយកចិត្តទុកដាក់បន្តអនុវត្តការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត ឱ្យកាន់តែរស់រវើក ប្រសើរឡើងនៅគ្រប់រាជធានី-ខេត្ត។ នីតិវិធីប្រតិបត្តិស្តង់ដាដែលបានធ្វើរួចមក ត្រូវបញ្ចប់ជាផ្លូវការ និងដាក់ឱ្យប្រើប្រាស់ភ្លាមៗ នៅមូលដ្ឋាន សុខាភិបាលសាធារណៈ និងវិស័យឯកជនផងដែរ និងអនុវត្តប្រព័ន្ធ ពិនិត្យតាមដានសុខភាពស្ត្រីមានផ្ទៃពោះ ស្ត្រីក្រោយសម្រាល និងទារកទើបនឹងកើតឱ្យមានប្រសិទ្ធភាពខ្ពស់ ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានប្រគល់ម៉ាស៊ីន CTG ដែលជាម៉ាស៊ីនតាមដានការកន្ត្រាក់ស្បូន និងចង្វាក់បេះដូងទារកក្នុងផ្ទៃ ដល់មន្ទីរសុខាភិបាលខេត្ត ជាប់ព្រំដែនកម្ពុជា ថៃ។ ម៉ាស៊ីន CTG មានមុខងារអាចកំណត់អត្តសញ្ញាណទារក ដែលអាចខ្វះអុកស៊ីសែន ដើម្បីណែនាំការវាយតម្លៃបន្ថែមអំពីសុខុមាលភាពទារកក្នុងផ្ទៃ ឬកំណត់ថា តើទារកត្រូវសម្រាលកូនដោយវិធីវះកាត់ ឬសម្រាលតាមទ្វារមាស ដោយឧបករណ៍ជំនួយផ្សេងៗ?៕

To Top