លោក វង្សី វិស្សុត ៖ ពិភពលោក កំពុងផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រីបានថ្លែងថា ក្នុងបរិការណ៍បច្ចុប្បន្ន កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័សវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានក្លាយជាឧបករណ៍ និងជាកាតាលីករ សម្រាប់ពង្រីកមូលដ្ឋានសេដ្ឋកិច្ច ជំរុញកំណើនការអភិវឌ្ឍ និងពង្រឹងភាពធន់នៅក្នុងសង្គមសេដ្ឋកិច្ច ។

ក្នុងពិធីបើកទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ឆ្នាំ២០២៦ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ លោក វង្សី វិស្សុត បានលើកឡើងថា ប្រទេសអភិវឌ្ឍន៍ ក៏ដូចជាប្រទេសកំពុងជឿនលឿនមួយចំនួន បាននិងកំពុងផ្ដោតការយកចិត្តទុកដាក់ និងដាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់លើការអភិវឌ្ឍបច្ចេកវិទ្យាឈានមុខមួយចំនួន ដូចជា ៖ បញ្ញាសិប្បនិម្មិត (AI) , ជីវវិទ្យាសំយោគ , រូបធាតុឈានមុខ និងកុំព្យូទ័រកង់ទិច តាមរយៈការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ ដោយបង្កើត និងពង្រីកកិច្ចសហការត្រីភាគី ប្រទាក់ក្រឡាគ្នា ។
លោកថា រាជរដ្ឋាភិបាលដើរតួជានិយ័តករ ជាយុទ្ធសាស្ត្រវិទូ ជាអ្នករៀបចំច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តផ្សេងៗ ជាអ្នកផ្តល់ហិរញ្ញប្បទាន និងការលើកទឹកចិត្ត ។ ចំពោះ សាកលវិទ្យាល័យ និង ស្ថាប័នស្រាវជ្រាវ ជាអ្នកសិក្សានិងស្វែង រករបកគំហើញបច្ចេកវិទ្យាថ្មីៗ ។ ចំណែកវិស័យឯកជន ជាអ្នកយករបកគំហើញនោះ ទៅប្រើប្រាស់ សម្រាប់បង្កើនការផលិត និងធ្វើពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មផ្សេងៗ សម្រាប់ជាប្រយោជន៍ដល់មនុស្ស និងសង្គម ។
លោកបញ្ជាក់ថា ក្នុងប្រទេសជឿនលឿនជាច្រើន ការងារស្រាវជ្រាវ និងអភិវឌ្ឍនេះ មិនមែនជាតួនាទីដាច់មុខរបស់ស្ថាប័នណាមួយឡើយ គឺវិស័យឯកជនក៏អាចធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍ ស្ថាប័នរដ្ឋក៏ធ្វើ ហើយស្ថាប័នស្រាវជ្រាវក៏ធ្វើ ។

លោកអះអាងទៀតថា ការវិវត្តយ៉ាងលឿននៃបច្ចេកវិទ្យាបានជ្រាបចូលគ្រប់មជ្ឈដ្ឋាននៃសង្គមសេដ្ឋកិច្ច ដែលធ្វើឱ្យកើនឡើងនូវប្រសិទ្ធភាព ផលិតភាព និងឱកាសការងារថ្មីគ្រប់វិស័យ ព្រមទាំងធ្វើឱ្យផ្លាស់ប្ដូររបៀបរបបរស់នៅ ការធ្វើការ ឬការធ្វើពាណិជ្ជកម្ម និងការប្រាស្រ័យទាក់ទងគ្នា៕
