មន្ត្រីជាន់ខ្ពស់ក្រសួងការងារ ជួបសំណេះសំណាលប្រចាំខែ ជាមួយប្រធានសហព័ន្ធសហជីព ដើម្បីពង្រឹងកិច្ចសន្ទនាសង្គម និងទំនាក់ទំនងវិជ្ជាជីវៈ
ភ្នំពេញ ៖ ក្នុងគោលបំណងពង្រឹងភាពជាដៃគូរវាងក្រសួងជាមួយតំណាង បងប្អូនកម្មករនិយោជិត និងតាមដានក្តាប់ជាប់នូវបញ្ហាផ្សេងៗ នៅតាមបណ្តាសហគ្រាស ក្រុមហ៊ុន និងរោងចក្រ លោក ងុយ រិទ្ធ រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រធានសហព័ន្ធសហជីពចំនួន ១៥២ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។

ជំនួបនេះផ្ដោតសំខាន់លើការពិភាក្សាគ្នាពីការវិវត្តថ្មីៗ នៅក្នុងវិស័យការងារ និងស្ថានភាពជារួម នៅតាមសហគ្រាស ក្រុមហ៊ុន រោងចក្រ ជាពិសេសបញ្ហាប្រឈម និងការស្វែងរកដំណោះស្រាយ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា ជូនបងប្អូនកម្មករនិយោជិត និងនិយោជក។

ជាមួយគ្នានេះ ជំនួបនេះក៏បានចែករំលែកនូវព័ត៌មាន និងគោលការណ៍ថ្មីៗរបស់រាជរដ្ឋាភិបាល និងក្រសួង ព្រមទាំងទទួលបានព័ត៌មានជាក់លាក់ពីមូលដ្ឋាន ដើម្បីធានាបាននូវសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់ជូនបងប្អូនកម្មករនិយោជិត ព្រមទាំងបង្កើនភាពសុខដុមនីយកម្មក្នុងទំនាក់ទំនងវិជ្ជាជីវៈ។

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ បានថ្លែងអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យមានការយោគយល់ និងអត់ធ្មត់ខ្ពស់ ចំពោះស្ថានភាពលំបាក ដែលបណ្តាលមកពីវិបត្តិប្រេងឥន្ធនៈឡើងថ្លៃជាសកល ជាពិសេសម្ចាស់រថយន្តដឹកកម្មករនិយោជិត ម្ចាស់ផ្ទះជួល និងអ្នកលក់ដូរម្ហូបអាហារ ។ ជាមួយគ្នានេះ ឯកឧត្ដមបានជំរុញឱ្យថ្នាក់ដឹកនាំសហព័ន្ធសហជីព បន្តសហការជិតស្និទ្ធជាមួយក្រសួង និងមន្ទីរការងាររាជធានី-ខេត្ត ដើម្បីបង្កើនភាពជឿជាក់លើយន្តការដោះស្រាយ ដែលមានវប្បធម៌ទំនាក់ទំនងវិជ្ជាជីវៈល្អ តាមរយៈការក្តាប់សញ្ញាណនៃបញ្ហានៅកន្លែងការងារ ហើយរាយការណ៍រាល់បាតុភាព ឬ បញ្ហាប្រឈមនានាដែលអាចកើតមានឡើងជាមុន ដើម្បីឱ្យក្រសួងអាចចាត់វិធានការ អន្តរាគមន៍ដោះស្រាយបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

ការធ្វើបែបនេះ គឺដើម្បីជៀសវាងការតវ៉ាក្នុងរូបភាពជាបាតុកម្ម ឬកូដកម្ម ឈានទៅដល់ការបិទផ្លូវសាធារណៈ ដែលជាអំពើល្មើសច្បាប់ ហើយអាចប៉ះពាល់ដល់សិទ្ធិរបស់ប្រជាពលរដ្ឋទូទៅ ស្ថិរភាពការងារ និងផលប្រយោជន៍រួម។

នាឱកាសនោះផងដែរ លោករដ្ឋលេខាធិការ បានផ្តាំផ្ញើឱ្យប្រធានសហព័ន្ធសហជីពទាំងអស់ យកចិត្តទុកដាក់ពង្រឹងទំនាក់ទំនងជាមួយសហជីពមូលដ្ឋាន ពង្រឹងសមត្ថភាពយល់ដឹងពីច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងនីតិវិធីនានា ដើម្បីជាដៃគូចរចាប្រកបដោយន័យស្ថាបនាជាមួយនិយោជកនៅកន្លែងធ្វើការ។ បន្ថែមពីនេះ ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈាន ចូលមកដល់ក្នុងពាក់កណ្តាលខែមេសានេះ សូមយកចិត្តទុកដាក់ក្នុង ការជួយសម្របសម្រួលដល់បងប្អូន កម្មករនិយោជិត ដើម្បីបានឈប់សម្រាកទៅលេងស្រុកកំណើត និងត្រៀមបង្ការ នូវរាល់ហានិភ័យផ្សេងៗ ដែលអាចកើតមានឡើង។

ជាការឆ្លើយតប ប្រធានសហព័ន្ធសហជីពទាំងអស់ បានសម្ដែងនូវការប្តេជ្ញាចិត្តក្នុងការបន្តភាពជាដៃគូជាមួយក្រសួងឱ្យកាន់តែជិតស្និទ្ធថែមទៀត ដើម្បីរួមគ្នាដោះស្រាយរាល់បញ្ហា ក្នុងការការពារសិទ្ធិ និង អត្ថប្រយោជន៍ជូនកម្មករនិយោជិត។ ទន្ទឹមនឹងនេះ តំណាងសហជីពក៏បានសម្តែង នូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល ដែលតែងតែគិតគូរពីសុខទុក្ខបងប្អូនកម្មករនិយោជិត ជាពិសេសក្នុងអំឡុងពេលវិបត្តិនានា។ ជាក់ស្តែង ថ្មីៗនេះ តាមរយៈអន្តរាគមន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចតម្រូវឱ្យភាគីនិយោជក បន្ថែមប្រាក់សោហ៊ុយធ្វើដំណើរបណ្តោះអាសន្នចំនួន ២,៥០ ដុល្លារអាមេរិក ក្នុងមួយខែ ជូនកម្មករនិយោជិតបន្ថែមលើអត្ថប្រយោជន៍ដែលមានស្រាប់ ដើម្បីជួយសម្រាលបន្ទុក ក្នុងអំឡុង ពេលមានវិបត្តិប្រេងឥន្ធនៈជាសកលនេះ។ បងប្អូនសហជីព ក៏បានបង្ហាញនូវជំនឿជឿជាក់ យ៉ាងមុតមាំលើការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ក្នុងការគិតគូរដោះស្រាយរាល់បញ្ហាជូនប្រជាពលរដ្ឋ និងប្រទេសជាតិ ៕






