ព័ត៌មានជាតិ

សម្តេចតេជោ ៖ តួនាទីរបស់ ស៊ីកា ចូលរួមលើកកម្ពស់សន្តិភាព នៅលើពិភពលោក

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា មានប្រសាសន៍ថា តួនាទីរបស់សន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្ត នៅអាស៊ី ហៅកាត់ថា ស៊ីកាបានចូលរួមចំណែក ក្នុងការលើកកម្ពស់ សន្តិភាពនៅលើពិភពលោក ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានឱ្យដឹងក្រោយកិច្ចជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ខៃរ៉ាត សារីបៃ (Kairat Sarybay) អគ្គលេខាធិការ នៃសន្និសីទស្តីពីអន្តរកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ីថា លោកខៃរ៉ាត សារីបៃ បានលើកឡើងពីកិច្ចសហប្រតិបត្តិការ រវាងកម្ពុជានិងស៊ីកា ក្នុងវិស័យទេសចរណ៍ ពាណិជ្ជកម្ម អប់រំជាដើម ក្នុងការពង្រីក ទំនាក់ទំនងទាំង នៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី នៅក្នុងបរិបទកម្ពុជានិងស៊ីកា និងជាមួយ បណ្តា ប្រទេសជាសមាជិករបស់ស៊ីកា ។

នាឱកាសនោះ សម្តេចតេជោបានសម្តែង ការពេញចិត្តជាខ្លាំងចំពោះការលើកឡើងរបស់ឯកឧត្តម ខៃរ៉ាត សារីបៃ អំពីការពង្រីកនូវទំនាក់ទំនងនេះ ។
អ្នកនាំពាក្យព្រឹទ្ធសភា គូសបញ្ជាក់ថា “សម្តេចតេជោបានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ស៊ីកា ក្នុងការលើកកម្ពស់ សន្តិភាពនៅតំបន់អាស៊ីរួមទាំងនៅលើពិភពលោក ។ សម្តេចបានលើកឡើងថា តាមរយៈវេទិកាស៊ីកា បានរួមចំណែកនៅក្នុងការតភ្ជាប់គ្នារវាងបណ្តាប្រទេសនៅតំបន់អាស៊ី ជាពិសេសតំបន់អាស៊ីអាគ្នេយ៍និងតំបន់អាស៊ីកណ្តាល” ។

សម្តេចតេជោមានប្រសាសន៍ថា បណ្តាប្រទេស ទាំងនោះមានដូចជា ៖ ប្រទេសហ្គាគីស្ថាន និងអាសៃបៃហ្សង់ដែលជាការពង្រឹង ក្នុងការតភ្ជាប់គ្នាជាមួយគ្នាឈានឆ្ពោះទៅរកទំនាក់ទំនង កាន់តែល្អប្រសើរនាពេលអនាគត ៕

To Top