ព័ត៌មានជាតិ

ជិតដល់ថ្ងៃទិវាពលកម្មអន្តរជាតិ សហជីពថា ដំណោះស្រាយ របស់ក្រសួងការងារ លឿនរហ័ស និងមានប្រសិទ្ធភាពខ្ពស់

ភ្នំពេញ៖ ខណៈដែលថ្ងៃទិវាពលកម្មអន្តរជាតិ ខិតជិតមកដល់ សហជីពនៅកម្ពុជា បានកោតសរសើរក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការផ្ដល់សេវាសាធារណៈ ដែលល្អប្រសើរលឿនរហ័ស ពាក់ព័ន្ធជាមួយនិងការចុះដោះស្រាយវិវាទ ដែលប្រកបដោយភាពម៉ត់ចត់ និងត្រឹម​ត្រូវគ្រប់ជ្រុងជ្រោយ ដើម្បីកាត់បន្ថយការចំណាយ និងចំណេញពេលវេលា ។

លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិបានថ្លែងថា “នៅចុងឆមាសនៃចុងឆ្នាំ២០២៥ ឬក៏ដើមឆ្នាំ២០២៦ នេះ ខ្ញុំឃើញថា មានការរីចម្រើន ហើយ​ការដោះស្រាយបញ្ហាជូនកម្មករនិយោជិតយើង គឺមានការចុះដោះស្រាយវិវាទដែលប្រកបដោយភាពម៉ត់ចត់ បានលឿន និង​ឆាប់​រហ័ស​ទាន់​ពេល​វេលា” ។

​លោកបានសង្កត់ធ្ងន់ទៅលើការដោះស្រាយបណ្ដឹង និងដំណោះស្រាយលើបញ្ហាមួយចំនួនទៀត តាមរយៈលេខ Hotline ១២៩៧ ជាសមិទ្ធផល​មួយ​ដែលបានជួយដោះស្រាយបញ្ហាបានច្រើន អាចផ្ដល់ភាពងាយស្រួល លឿន រហ័ស និងសកម្មជាងមុន ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​នេះ ដោយមិនចាំបាច់មានលិខិតផ្លូវការទេ គឺឱ្យតែដោះស្រាយបានលឿនតាមការ​ជាក់ស្ដែង ដែលឃើញថា បងប្អូនកម្មករ​កំពុងតែ​ជួបផលលំបាកនឹងមែន។

ចំណែកលោក ប៉ាវ ស៊ីណា ប្រធានសហជីពចលនាកម្មករ បានកត់សម្គាល់ឃើញថា​ កិច្ចអន្តរាគមន៍​ដោះស្រាយវិវាទ​រវាង​កម្មករ​និយោ​ជិត​និងនិយោជក ទាំងថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រសួងការងារ ពិតជាបានយកចិត្តទុកដាក់ខ្ពស់ ​ក្នុងការដោះ​ស្រាយវិវាទ​ជូនគូរភាគីវិវាទ​បាន​ឆាប់​រហ័ស​ជាង​ពេល​កន្លងមក។

លោក​លើកឡើង​ថា “ការលើកកម្ពស់ទំនាក់ទំនងវិជ្ជាជីវៈ មានភាពកាន់តែប្រសើរជាងមុន ការបណ្តុះបណ្តាលជំនាញ ដល់យុវជន គ្រប់ស្រទាប់ កាន់តែទូលំទូលាយ ការជួយស្វែងរកការងារដល់បងប្អូនពលករមកពីថៃរាប់សែននាក់ ជាពិសេសវិធានការលើកកម្ពស់សុខភាព និងសុវត្ថិភាព នៅ​កន្លែង​ការងារកាន់តែល្អប្រសើរជាងមុន។ ខ្ញុំគិតថា វាជារឿងដ៏លំបាក តែក្រសួងការងារអាចធ្វើបាន”។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា ក្រសួងបានខិតខំប្រឹងប្រែងក្នុងការការពារផលប្រយោជន៍ ធានានូវសិទ្ធិ​ស្របច្បាប់​របស់​​ភាគីនានា និងពង្រឹងនូវភាពសុខសាន្តនៅកន្លែងការងារ ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីកែ​លម្អ​យន្តការការងារ និងការផ្តល់សេវាសាធារណៈកាន់តែល្អប្រសើរ។

ក្រសួងការងារ បានបន្តពង្រឹងយន្តការដោះស្រាយវិវាទការងារ ដោយបានធ្វើឱ្យអត្រាដោះស្រាយសះជាវិវាទការងារ និងបានអន្តរាគមន៍​ដោះ​ស្រាយ​បញ្ហាកូដកម្មសរុបចំនួន ៤១ករណី និងបានធ្វើអន្តរាគមន៍ ដោះស្រាយបញ្ហាបាតុកម្មចំនួន ៤១ករណី កីតត្រឹមខែកុម្ភះ ឆ្នាំ២០២៦នេះ ដែល​ជាស​មិទ្ធ​ផ​លឆ្លុះបញ្ចាំងឱ្យឃើញពីភាពចាស់ទុំនៃតួអង្គពាក់ព័ន្ធ និងប្រសិទ្ធភាពនៃយន្តការផ្សះផ្សាវិវាទការងារក្រៅប្រព័ន្ធតុលាការ ព្រមទាំង​សមត្ថភាព​ប្រកប​ដោ​យវិជ្ជាជីវៈរបស់មន្ត្រីផ្សះផ្សាវិវាទការងារ ៕

To Top