របាយការណ៍ថា នាវាផ្ទុកយន្តហោះអាមេរិក USS Gerald R. Ford នឹងចាកចេញពីតំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ
បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃពុធថា នាវាផ្ទុកយន្តហោះអាមេរិក USS Gerald R. Ford នឹងចាកចេញពីតំបន់មជ្ឈិមបូព៌ា ហើយចាប់ផ្តើមធ្វើដំណើរ ត្រឡប់ទៅមូលដ្ឋានវិញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ថា របាយការណ៍នេះបានឱ្យដឹងថា គម្រោងចាកចេញនេះគឺជា “ការធូរស្បើយដែលរំពឹង ទុកសម្រាប់នាវិកប្រហែល ៤.៥០០ នាក់ ដែលត្រូវបានដាក់ពង្រាយអស់រយៈពេល ១០ ខែ ប៉ុន្តែការបាត់បង់កម្លាំង បាញ់ប្រហារដ៏សំខាន់ ខណៈដែលការចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ជាប់គាំង”។
ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ Ford បានចាប់ផ្តើមការ ដាក់ពង្រាយចុងក្រោយរបស់ខ្លួននៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៥ ដោយចេញដំណើរពីរដ្ឋ Virginia សហរដ្ឋអាមេរិក ទៅកាន់តំបន់ទទួលខុសត្រូវ របស់បញ្ជាការអឺរ៉ុប របស់សហរដ្ឋអាមេរិក ក្រោយមកបានដាក់ពង្រាយ ទៅកាន់អាមេរិកឡាទីនសម្រាប់ប្រតិបត្តិការប្រឆាំងគ្រឿងញៀន ហើយបន្ទាប់មកទៅកាន់មជ្ឈិមបូព៌ា ខណៈដែលភាពតានតឹងជាមួយអ៊ីរ៉ង់កើនឡើង។
វាគឺជានាវាផ្ទុកយន្តហោះមួយក្នុងចំណោម នាវាផ្ទុកយន្តហោះ៣គ្រឿងដែលកំពុងប្រតិបត្តិការនៅក្នុងតំបន់មជ្ឈិមបូព៌ា រួមជាមួយនាវា USS George H.W. Bush និងនាវា USS Abraham Lincoln ។
ប្រធានាធិបតីអាមេរិក លោក Donald Trump ត្រូវបានកំណត់ ឱ្យទទួលបានការណែនាំអំពីផែនការថ្មី សម្រាប់សកម្មភាពយោធា ដែលអាចកើតមាននៅក្នុងប្រទេសអ៊ីរ៉ង់ នៅថ្ងៃព្រហស្បតិ៍ពីបញ្ជាការកណ្តាល សហរដ្ឋអាមេរិក (CENTCOM) នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអនឡាញ Axios បានរាយការណ៍កាលពីថ្ងៃពុធ ។
ប្រែសម្រួលៈ ណៃ តុលា
