ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ស្នើ UNDP ជួយគាំទ្រលើគម្រោង “អភិវឌ្ឍន៍ភូមិគំរូដែលធន់នឹងអាកាសធាតុ នៅតាមខេត្តនៅតំបន់ឆ្នេរ របស់មូលនិធិសកល (GEF)

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតជូន លោក Enrico Gaveglia ប្រធានកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជាកិច្ចចាប់ផ្តើម លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍ចំពោះ លោក Enrico Gaveglia និងសហការី នៃ UNDP ដែលអញ្ជើញមកធ្វើទស្សនកិច្ចជាលើកដំបូង នៅក្រសួងអភិវឌ្ឍន៍ជនបទ និងបានសម្តែងការអបអរសាទរចំពោះ លោក Enrico Gaveglia ក្នុងឱកាសដែលលោកទទួលបានភារកិច្ចថ្មីជាតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា កាលពីឆ្នាំ២០២៥កន្លងទៅនេះ។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ក៏បានជម្រាបជូនប្រតិភូ អំពីការអភិវឌ្ឍប្រទេសក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលប្រសូតចេញការដឹកនាំដ៏ឈ្លាសវៃនិងត្រឹមត្រូវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពនៃកម្ពុជា អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។

លោករដ្ឋមន្ត្រី ក៏បានបន្តលើកឡើងអំពីសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក និងគោលដៅការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការអនុវត្តនូវយុទ្ធសាស្ដ្រចំនួន ៥ ដែលបានកំណត់ក្នុងគោលនយោបាយជាតិស្ដីពី ការអភិវឌ្ឍជនបទឆ្នាំ២០២៥-២០៣៥ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជាឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន សមធម៌ និងចីរភាព” ។ ទន្ទឹមនិងការជម្រាបជូនអំពីតួនាទី ភារកិច្ច និងការអនុវត្តនាពេលកន្លងមករបស់ក្រសួងអភិវឌ្ឍន៍ជនបទ លោករដ្ឋមន្ត្រី ក៏បានស្នើសុំ UNDP ជួយគាំទ្រលើគម្រោង “អភិវឌ្ឍន៍ភូមិគំរូដែលធន់នឹងអាកាសធាតុ នៅតាមខេត្តនៅតំបន់ឆ្នេរ របស់មូលនិធិសកល (GEF)។

បន្ទាប់ពីប្រសាសន៍ស្វាគមន៍ របស់លោករដ្ឋមន្ត្រីរួចមក លោក Enrico Gaveglia បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករដ្ឋមន្ត្រី ដែលបានទទួលស្វាគមន៍លោក និងសហការី យ៉ាងកក់ក្តៅនាពេលនេះ និងសម្ដែងនូវសេចក្ដីសោមនស្សរីករាយដែលបានវិលត្រឡប់មកបំពេញបេសកកម្មនៅកម្ពុជា ជាលើកទី២។

លោកក៏បានលើកឡើងអំពីតួនាទីរបស់ UNDP ក្នុងការកៀរគរមូលនិធិពីបណ្តាដៃគូនានា សម្រាប់ជួយដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ។

ជាមួយគ្នានោះ លោកបានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ដោយផ្តល់ការគាំទ្រលើបច្ចេកទេសក្នុងការទទួលបាន គម្រោងដើម្បីជួយឱ្យជនបទនៅកម្ពុជា មានភាពរីកចម្រើនយ៉ាងឆាប់រហ័ស សំដៅគាំទ្រដល់ដំណើរការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)។

មុននឹងបញ្ចប់ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះ លោក Enrico Gaveglia និងសហការីដែលបានបង្ហាញអំពីការប្តេជ្ញាចិត្ត ក្នុងការចាប់ផ្ដើមកិច្ចសហប្រតិបត្តិការជាមួយ ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញការអភិវឌ្ឍនៅតំបន់ជនបទឱ្យមានសម្ទុះកាន់តែលឿន និងប្រែក្លាយតំបន់ជនបទនៅកម្ពុជា ជាជនបទប្រកបដោយភាពស៊ីវីល័យ៕

To Top