Feature

អាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់ខ្លួន ម្ចាស់ហាងសាឡនម្នាក់ បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីប្រើហិង្សានិងគម្រាមកំហែង លើស្រ្តីជាអ្នកអនាម័យ

បន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានចាប់ខ្លួននារីម្នាក់ ដែលជាម្ចាស់ហាង «កាកាសាឡន» បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ករណីប្រើហិង្សាលើស្រ្តី ជាអ្នកអនាម័យម្នាក់ នៅក្រុងប៉ោយប៉ែត។

បើយោងតាមរបាយការណ៍ បានឱ្យដឹងថា នៅវេលាម៉ោង១៤និង០០នាទីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលបណ្តឹងពីជនរងគ្រោះឈ្មោះ អ៊ុត ខុន ភេទស្រី អាយុ៥៩ឆ្នាំ រស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្តីពីករណីហិង្សាដោយចេតនាស្ថានទម្ងន់ទោស និងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់ ដែលប្រព្រឹត្តកាលពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចបុរីសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត និងនៅចំណុចហាងកាកាសាឡន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បង្កដោយជនសង្ស័យឈ្មោះ គុំ លីកា ហៅក្រៅ កាកា ភេទស្រី អាយុ៣០ឆ្នាំ ជាម្ចាស់ហាងកាកាសាឡន ដែលមានទីតាំងស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្រោយទទួលបានបណ្តឹងខាងលើ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវ រហូតដល់វេលាម៉ោង១០និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៦ ទើបឃាត់ខ្លួនជនសង្ស័យខាងលើ រួមទាំងដកហូតវត្ថុតាង កាំបិតប៉័ងតោដងឈើប្រវែង៣០សង់ទីម៉ែត្រ ចំនួន០១ដើម នៅចំណុចហាងកាកាសាឡន ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដេីម្បីសួរនាំតាមនីតិវិធី។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនរងគ្រោះជាស្ត្រីមេម៉ាយគ្មានកូន គ្មានផ្ទះសម្បែង ហើយដើរធ្វើអនាម័យតាមផ្ទះដើម្បីយកប្រាក់ឈ្នួល ក្រោយកក៏បានសុំជនសង្ស័យខាងលើ ស្នាក់នៅជាមួយ ដើម្បីធ្វើជាអ្នកអនាម័យ ហើយស្នាក់នៅហូបចុកជាមួយគ្នា រាប់អានគ្នាដូចម្តាយកូនអស់រយៈពេលជាង៣ឆ្នាំ មកហើយ។ ហើយមានថ្ងៃមួយ ជនជាតិចិន ដែលជាសង្សារបស់ជនសង្ស័យខាងលើ បានយកទូរសព្ទ និងកុំព្យូទ័រជាច្រើនគ្រឿងមកផ្ញើជនសង្ស័យ។ ពេលនោះជនរងគ្រោះ កំពុងធ្វើការងារអនាម័យ ស្រាប់តែឃើញទូរសព្ទចំនួន០៣គ្រឿងធ្លាក់ចេញមកក្រៅ ហើយខ្លួនក៏បានយកទូរស័ព្ទនោះ ទៅលក់ឲ្យអ្នកទិញទូរស័ព្ទខូចៗតាមផ្លូវ បានប្រាក់ចំនួន២០០,០០០រៀល(ម្ភៃម៉ឺន)រៀល ស្រាប់តែថៅកែស្រី (ជនសង្ស័យ) បានដឹងថាជនរងគ្រោះ លួចទូរសព្ទយកទៅលក់ ខ្លួនក៏បានយកកំណាត់ឈើ វាយទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសចេញឈាមជាច្រើនកន្លែង និងបានយកកាំបិតប៉័ងតោ មកគំរាមកាត់ម្រាមដៃជើង របស់ជនរងគ្រោះ ហើយថែមទាំងគំរាម មិនឱ្យចេញក្រៅផ្ទះទៀតផង។

ក្រោយមកនៅវេលាម៉ោង០៤ និង០០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ជនរងគ្រោះបានមានឱកាសឡើង លើដំបូលផ្ទះពីខាងក្រោយ រួចដើរមកខាងមុខហាង ហើយសម្រូតខ្លួនចុះតាមចម្រឹងដែក ពេលចុះមកដល់ក្រោមបានជិះម៉ូតូឌុប ទៅផ្ទះប្អូនស្រីនៅមណ្ឌល៤ ដើម្បីព្យាបាលរបួស ហើយបានទៅដាក់ពាក្យបណ្តឹង នៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្តង។

ក្រោយឃាត់ខ្លួននិងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានសកម្មភាពប្រើអំពើហិង្សា ដូចការប្តឹងចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងនឹងជនរងគ្រោះ យកទូរសព្ទដែលជនជាតិចិន ជាសង្សារបស់ខ្លួន យកទៅលក់យកលុយ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

To Top