Feature

ក្រសួងការងារ និង អង្គការ ILO បើកកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់ នៃគម្រោងទេសន្តរប្រវេសន៍ ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន

ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី២៩ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា លោក​ សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងពិធីបើក កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់គម្រោង ភាពជាដៃគូ នៃគម្រោងទេសន្តរប្រវេសន៍ ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាពក្នុងតំបន់អាស៊ាន ដើម្បីពិភាក្សាពីក្របខ័ណ្ឌ សកម្មភាពកម្មវិធី ពង្រឹងកិច្ចសហប្រតិបត្តិការលើការងារ សមរម្យ អភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងផ្តល់ធាតុចូលលើការអនុវត្តគម្រោងឱ្យកាន់តែមានប្រសិទ្ធភាព។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) ដោយមានការចូល រួមពីតំណាងក្រសួង-ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា លោក Christian Disler នាយករងផ្នែកសហប្រតិបត្តិការ ទីភ្នាក់ងារកុងស៊ុលស្វ៊ីសសម្រាប់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការ លោក Raymart Walker លេខាទូតទី២នៃស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា លោកស្រី Rebecca Napier Moore មន្រ្តីបច្ចេកទេសជាន់ខ្ពស់នៃអង្គការអន្តរជាតិខាងការងារ ភ្នាក់ងារអង្គការសហប្រជាជាតិ សមាគមនិយោជក សហជីព អង្គការជាតិ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍ។

នាឱកាសនោះ លោករដ្ឋលេខាធិការ បានបញ្ជាក់ថា កម្មវិធីត្រីកោណសកម្មភាពត្រីភាគី ត្រូវបានអនុវត្តនៅក្នុងប្រទេសកម្ពុជា បាន ២ ដំណាក់កាលរួចមកហើយ។ ដំណាក់កាលទី១ បានចាប់ផ្តើមពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១០ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ និងដំណាក់កាលទី២ បានចាប់ផ្តើមពីថ្ងៃ១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ និងបាននិងកំពុងបន្តអនុវត្តគម្រោងនេះ នៅក្នុងដំណាក់កាលទី៣ រយៈពេល៥ឆ្នាំបន្តទៀត ដែលបានអនុវត្តចាប់ពីខែមេសា ឆ្នាំ២០២៦ ដល់ ខែមីនា ឆ្នាំ២០៣១។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់គម្រោងភាពជាដៃគូ នៃគម្រោងទេសន្តរប្រវេសន៍ការងារប្រកបដោយុត្តិធម៌ និងប្រសិទ្ធភាព ក្នុងតំបន់អាស៊ានមានគោលបំណងសំខាន់ៗ ដើម្បី (១) បង្ហាញ និងពិភាក្សាអំពីក្របខ័ណ្ឌរួមវិសាលភាព និងសកម្មភាព នៃកិច្ចអន្តរាគមន៍ របស់កម្មវិធីឱ្យស្របទៅនឹងផែនការអាទិភាពជាតិសំខាន់ៗ, (២) កសាងការយល់ដឹងរួមគ្នាអំពីយុទ្ធសាស្ត្រកម្មវិធីសំខាន់ៗ ផែនការការងារ និងឱកាសសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការដើម្បីជំរុញឱកាសការងារសមរម្យសម្រាប់ទាំងអស់គ្នា ការពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ និងការអភិវឌ្ឍជំនាញ សម្រាប់ជនទេសន្តរប្រវេសន៍ការងារ និង (៣) ពិនិត្យពិភាក្សា ផ្តល់ធាតុចូល និងផ្តល់ការយល់ព្រមលើផែនការ ការងារសម្រាប់អនុវត្តគ ម្រោងនៅប្រទេសកម្ពុជាឆ្នាំ២០២៦-២០២៧៕

To Top