សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ប្រជាជនកម្ពុជា នឹងកើនដល់ប្រហែល ២៤លាននាក់ នៅឆ្នាំ២០៥០
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា ទិន្នន័យចំណោលប្រជាជនថ្មី ក្នុងសេណារីយ៉ូអត្រាលទ្ធភាព មានកូនថយចុះក្នុងល្បឿន មធ្យម បង្ហាញថា «ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់ នៅឆ្នាំ២០៥០»។
យោងតាមរបាយការណ៍អង្កេតចន្លោះជំរឿនប្រជាជន នៅកម្ពុជាឆ្នាំ២០២៤ ប្រជាជនកម្ពុជា មានចំនួន១៧,៣លាននាក់ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំ មានចំនួន២៦,៨% វ័យ១៥-៣៤ឆ្នាំ មានចំនួន៣៤,៦% វ័យ៣៥-៦៤ មានចំនួន៣២,១% និងវ័យ៦៥ឆ្នាំឡើង មានចំនួន៦,៥%។
តាមរយៈសារលិខិតក្នុងឱកាសទិវា «ប្រជាជនពិភពលោកលើកទី៣៧» ១១ កក្កដា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការសម្រេចបានក្តីសង្ឃឹម និងសេចក្តីប្រាថ្នារបស់ប្រជាជនវ័យក្មេង សម្រាប់ពេលបច្ចុប្បន្ននិង អនាគត» សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ទិន្នន័យនេះបង្ហាញយ៉ាងច្បាស់ថា បញ្ហាប្រជាជនគឺជាបញ្ហាគន្លឹះដែលពាក់ព័ន្ធផ្ទាល់នឹងគុណភាព ធនធានមនុស្ស កម្លាំងពលកម្ម ទីផ្សារការងារ ការផ្តល់សេវាសាធារណៈ សុខុមាលភាពគ្រួសារ និងសន្តិសុខ សង្គមនាពេលអនាគត។
សម្ដេចធិបតី បន្ដថា ដូច្នេះ ការរៀបចំគោលនយោបាយប្រជាជនត្រូវផ្អែកលើទិន្នន័យត្រឹមត្រូវ ទាន់ពេល វេលា និងប្រើប្រាស់បានក្នុងការសម្រេចចិត្ត ដើម្បីធានាថាការអភិវឌ្ឍរបស់កម្ពុជាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាព និងមិនទុកអ្នកណាម្នាក់ចោល។
សម្ដេចធិបតី គូសបញ្ជាក់ថា «ទិន្នន័យចំណោលប្រជាជនថ្មីក្នុងសេណារីយ៉ូអត្រាលទ្ធភាពមានកូនថយចុះក្នុងល្បឿនមធ្យម បង្ហាញថា ប្រជាជនកម្ពុជានឹងកើនដល់ប្រហែល ២៤លាននាក់នៅឆ្នាំ២០៥០ ក្នុងនោះប្រជាជនវ័យក្រោម១៥ឆ្នាំនឹងថយ ចុះដល់២១,៨% និងវ័យ១៥-៣៤ឆ្នាំនឹងថយចុះដល់២៨,២% ខណៈដែលប្រជាជនវ័យ៣៥-៦៤នឹងកើន ដល់៣៧,២% និងវ័យ៦៥ឆ្នាំឡើងនឹងកើនដល់១២,៧%»។
លើសពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការប្រែប្រួលរចនា សម្ព័ន្ធអាយុនេះ បញ្ជាក់យ៉ាង ច្បាស់ថា ពេលវេលាដើម្បីវិនិយោគ លើប្រជាជនវ័យក្មេងគឺឥឡូវនេះ។ ប្រសិនបើយើងខកខានមិនបានផ្តល់ ឱកាសនិងការគាំទ្រ ដល់ប្រជាជនវ័យក្មេងនាពេលបច្ចុប្បន្ន យើងនឹងប្រឈមនឹងបញ្ហានានានៅពេលខាងមុខ ដូចជាការមិនទទួលបាននូវភាគលាភប្រជាសាស្ត្រទីពីរ កង្វះកម្លាំងពលកម្មជំនាញ និងការកើនឡើងនៃបន្ទុក សេដ្ឋកិច្ចនិងសង្គមដោយសារកំណើនប្រជាជនវ័យចាស់៕









