ព័ត៌មានជាតិ

សម្តេចធិបតី ណែនាំឱ្យថែរក្សាទីតាំង និងបញ្ចៀសការសាងសង់ណាមួយ ប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រ នៃបូជនីយដ្ឋានចងចាំនៃកម្ពុជា

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា បន្តយកចិត្តទុកដាក់ថែរក្សាទី តាំង និងបញ្ចៀសការសាងសង់ណាមួយ ប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រ​ នៃបូជនីយដ្ឋានចងចាំនៃកម្ពុជា។

តាមរយៈសារលិខិត ក្នុងឱកាសខួប១ឆ្នាំ នៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព»» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះអង្គការយូណេស្កូភ្នំពេញ មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក ស្ថាប័នជំនាញអន្តរជាតិICOMOS អង្គការKOICA អង្គការGIZ-CPS អ្នកជំនាញជាតិ-អន្តរជាតិ និងអ្នករស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ និង ICCROM បានគាំទ្រ ចំពោះដំណើរការចុះបញ្ជីនិងទទួលស្គាល់ នូវតម្លៃជាសកលនៃបូជនីយដ្ឋានចងចាំ នៃកម្ពុជានេះ ដែលជាសាក្សី នៃសេចក្តីពិតរបស់ប្រវត្តិសាស្ត្រមួយ ដើម្បីជាគុណប្រយោជន៍ ដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិទាំងមូល ជាពិសេសការចងចាំនិងការការពារសន្តិភាព។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ខ្ញុំសូមណែនាំឱ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធនានា បន្តយកចិត្តទុកដាក់ ថែរក្សាទីតាំង និងបញ្ចៀសការសាងសង់ណាមួយ ដែលប៉ះពាល់ដល់ទេសភាពប្រវត្តិសាស្ត្រនៃបូជនីយដ្ឋានចងចាំនៃកម្ពុជា ហើយត្រូវធានាការការពារទីតាំងនេះឱ្យបានគង់វង្សជាយូរអង្វែងតទៅ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកសម័យថ្មីមួយ ក្នុងប្រវត្តិសាស្ត្រកម្ពុជា ព្រមទាំងត្រូវបំពេញបេសកកម្មការងារគ្រប់គ្រងនិងអភិរក្សឱ្យបានហ្មត់ចត់ ស្របតាមគោលការណ៍ ប្រតិបត្តិរបស់មជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោក»។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានអំពាវនាវដល់គ្រប់បណ្តាញសារព័ត៌មានទាំងអស់ ចូលរួមសហការផ្សព្វផ្សាយទីតាំងប្រវត្តិសាស្ត្រនេះ ឱ្យបានទូលំទូលាយ ក្នុងឱកាសប្រារព្ធខួប១ឆ្នាំ នៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា៖ ពីទីតាំងឧក្រិដ្ឋកម្មមកជា មណ្ឌលផ្សះផ្សានិងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីបំផុសបន្ថែម នូវជំហរប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ និងដើម្បីរំឭកអំពីភាពចាំបាច់នៃការរួមគ្នា ការពារសន្តិភាពឱ្យបានគង់វង្សជាមរតកសម្រាប់ជនជំនាន់ក្រោយ ក្រោមពាក្យស្លោក «អរគុណសន្តិភាព»៕

To Top