សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភា សម្រាប់បទឈប់បាញ់
ភ្នំពេញ ៖ ចំពោះមុខមេដឹកនាំសភាបណ្ដាប្រទេសនានា សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានស្នើឱ្យពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភា សម្រាប់បទឈប់បាញ់ ដោយផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់។
ការស្នើរបស់ សម្ដេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពិធីបើកសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ (ISC-2) នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ។ ពិធីប្រារព្ធឡើងនៅសាលសន្និសីទ អគារអគ្គនាយកដ្ឋានពន្ធដារ។
សម្ដេចតេជោ ហ៊ុន សែន បន្ដថា ដើម្បីតតាំងនឹងការគំរាមកំហែងនៃការប្រើប្រាស់កម្លាំង និងទប់ស្កាត់ការឈ្លានពានទឹកដីមិនឱ្យបង្កជាភាពវឹកវរ បណ្តាញតំបន់របស់យើងត្រូវតែដើរតួឈាន មុខក្នុងការស្ដារឡើងវិញនូវគោលការណ៍គ្រឹះអន្តរជាតិ ដែលបានកកើតចេញពីផេះផង់ និងការបំផ្លិចបំផ្លាញដោយសង្គ្រាមលោក ពីរលើកជាប់ៗគ្នា។
សម្ដេចតេជោ បានមានប្រសាសន៍ថា «យើងត្រូវតែការពារយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏ពិសិដ្ឋនៃអធិបតេយ្យរបស់រដ្ឋ បូរណភាពទឹកដី និងការដោះស្រាយជម្លោះដោយសន្តិវិធី ដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាស្មារតីអមតៈនៃលិខិតូបករណ៏សភា ដូចជា ធម្មនុញ្ញសន្តិភាពសកល ដែលត្រូវបានអនុម័តនៅរាជធានីភ្នំពេញនេះផ្ទាល់តែម្តង»។
សម្ដេច ប្រធានព្រឹទ្ធសភាកម្ពុជា បន្ដថា «លើសពីនេះ យើងក៏អាចពិចារណាបង្កើតក្រុមអ្នកសង្កេតការណ៍សភាសម្រាប់បទឈប់បាញ់ ផ្តុំគ្នាជាមួយយន្តការដែលមានស្រាប់ ដើម្បីធានាថា ការត្រួតពិនិត្យជាអន្តរជាតិមានភាពរឹងមាំគ្រប់គ្រាន់ ក្នុងការទប់ស្កាត់ការប៉ះ ទង្គិចគ្នាតាមព្រំដែនខ្នាតតូច មិនឱ្យរីករាលដាលទៅជាសង្គ្រាមរ៉ាំរ៉ៃ»៕



