ព័ត៌មានជាតិ

សម្ដេចធិបតី ប្រាប់សភាអាម៉េរិក ពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងប្រាប់សមាជិកសភាសហរដ្ឋអាម៉េរិក អំពីជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ។

ការថ្លែងប្រាប់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ គណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
ក្នុងឱកាសនោះដែរ គណៈប្រតិភូ បានបញ្ជាក់ជាថ្មីថា សហរដ្ឋអាម៉េរិកនឹងបន្តគាំទ្រដល់សកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។

ជាការឆ្លើយតប សម្តេចធិបតី បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំ ដោយគូសបញ្ជាក់ថា ប្រទេសទាំងពីរនៅមានកាលានុវត្តភាព និងសក្តានុពលជាច្រើនទៀតដែលអាចបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមក។

បន្ថែមលើនេះ, សម្តេចធិបតីបានសង្កត់ធ្ងន់លើកំណើននៃទំហំពាណិជ្ជកម្ម និងការវិនិយោគពីបរទេសនៅកម្ពុជា ព្រមទាំងបានលើកឡើងពីការកសាងភាពធន់ផ្នែកសេដ្ឋកិច្ច និងការពង្រឹងសមត្ថភាពរបស់កម្ពុជា ក្នុងការជំរុញវិស័យស្នូលសំខាន់ៗ ដូចជា៖ វិស័យ វាយនភណ្ឌ, កសិកម្ម និងការលើកកម្ពស់ការកែច្នៃផលិតផលសម្រេច ដើម្បីបង្កើនការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

សម្តេចធិបតី និងគណៈប្រតិភូសមាជិកសភា សហរដ្ឋអាម៉េរិក ក៏បានផ្លាស់ប្តូរយោបល់គ្នាដេីម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ លើវិស័យ សុខាភិបាល, សន្តិសុខ និងការការពារជាតិ ផងដែរ។

មុននឹងបញ្ចប់ សម្តេចធិបតី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តគាំទ្ររបស់សហរដ្ឋអាម៉េរិក លើវិស័យបោសសម្អាតមីន និងបានថ្លែងអំណរគុណជាថ្មីចំពោះ ឯកឧត្តមប្រធានាធិបតី Donald J. Trump និងរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានជួយសម្របសម្រួលឱ្យសម្រេចបាននូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ព្រមទាំងបានជម្រាប ជូនគណៈប្រតិភូសមាជិកសភាសហរដ្ឋអាម៉េរិក អំពីការវិវត្តថ្មីៗ​ នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

To Top