យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ នៅច្រកអន្តរជាតិជាំ-សាង៊ាំ
ភ្នំពេញ ៖ គណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ ខណៈភាគីទាំងពីរ ពិភាក្សាអំពីការបន្តជំរុញ ការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវខ្លឹមសារ នៃសេចក្តីប្រកាសរួម។

តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦នេះ នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការ ។

គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី និត ណារ៉ុង ប្រធានលេខាធិការ (RBC) ភាគីកម្ពុជា និងគណៈប្រតិភូថៃ ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី កាំផាក់ណាត វ៉ាផាន់ស៊ុ ប្រធានលេខាធិការ (RBC ) ភាគីថៃ ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅតបតាមការអញ្ជើញ របស់ក្រុមលេខាធិការ នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) យោធភូមិទី៤ កម្ពុជា និងមានការចូលរួមសង្កេតការណ៍ ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)ប្រចាំរបស់ភាគីទាំងពីរផងដែរ ។

ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរ បានពិភាក្សាអំពីការបន្ត ជំរុញការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវខ្លឹមសារនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានា ឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែង ៕





