Feature

សន្ទុះទីផ្សារបន្ទះឈីប AI ជួយរុញកំណើនសេដ្ឋកិច្ចកូរ៉េខាងត្បូងឱ្យកើនឡើង ៣ដង ក្នុងត្រីមាសទី៣

បរទេស៖ យោងតាមទិន្នន័យពីធនាគារកណ្តាលកូរ៉េខាងត្បូងបានបង្ហាញថា សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូងបានកើនឡើងលឿនជាងការរំពឹងទុករហូតដល់ទៅ ៣ដង នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៦ ដោយសារតែមានតម្រូវការខ្ពស់ផ្នែកគ្រឿងអេឡិចត្រូនិក (Semiconductors) ជាពិសេសបន្ទះឈីប AI។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគបានព្រមានថា ការពឹងផ្អែកខ្លាំងលើឧស្សាហកម្មបន្ទះឈីបនេះ អាចធ្វើឱ្យកូរ៉េខាងត្បូងងាយរងគ្រោះ ប្រសិនបើការចំណាយលើប្រព័ន្ធ AI ជាសកលមានការថយចុះ នេះបើយោងតាមចេះផ្សាយពីសារព័ត៌មាន euronews ថ្ងៃទី២៨​ ខែតុលា ឆ្នាំ២០២៦។

ផលិតផលក្នុងស្រុកសរុប (GDP) របស់កូរ៉េខាងត្បូងបានកើនឡើង ១,០% នៅក្នុងចន្លោះខែកក្កដា ដល់ខែកញ្ញា បើធៀបនឹងត្រីមាសមុន។ តួលេខនេះបានវ៉ាដាច់ការព្យាករណ៍របស់ធនាគារកណ្តាល (BOK) ដែលរំពឹងថានឹងមានកំណើនត្រឹមតែ ០,៣% ប៉ុណ្ណោះ។

កំណើននេះត្រូវបានជំរុញដោយការកើនឡើងនៃការនាំចេញចំនួន ២,៣% ដែលភាគច្រើនជាគ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន និងបរិក្ខារអគ្គិសនី។ ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត (Facilities) ក៏បានកើនឡើង ៤,១% ផងដែរ ដែលភាគច្រើនជាការចំណាយលើម៉ាស៊ីនផលិតបន្ទះឈីប។

យោងតាមតួលេខរបស់រដ្ឋាភិបាល ការនាំចេញគ្រឿងអេឡិចត្រូនិក (Semiconductors) ក្នុងត្រីមាសទី៣ បានកើនឡើងយ៉ាងគំហុកដល់ទៅ ២១៨,៧% បើធៀបនឹងឆ្នាំមុន ស្មើនឹងទំហំទឹកប្រាក់ប្រមាណ ១៤៨ពាន់លានដុល្លារ (ឬ ១២៧ពាន់លានអឺរ៉ូ)។ កំណើននេះក៏បានជំរុញឱ្យអតិរេកគណនីចរន្តរបស់ប្រទេសនេះឈានដល់កម្រិតខ្ពស់បំផុតផងដែរ។

ចំណូលក្នុងស្រុកសរុបជាក់ស្តែង (Real GDI) ដែលវាស់វែងពីអំណាចទិញ បានកើនឡើង ១៨,៨% ធៀបនឹងឆ្នាំមុន ដែលជាកំណើនលឿនបំផុតក្នុងរយៈពេលជិត ៤៩ឆ្នាំ ដោយសារការកើនឡើងនៃតម្លៃបន្ទះឈីប។ បើគិតជាប្រចាំឆ្នាំ សេដ្ឋកិច្ចកូរ៉េខាងត្បូងកើនឡើង ៣,៤% ក្នុងត្រីមាសទី៣នេះ។

អ្នកជំនាញសេដ្ឋកិច្ចលោក John Bromhead មកពីស្ថាប័ន Moody’s Analytics បានលើកឡើងថា ហានិភ័យសម្រាប់កូរ៉េខាងត្បូងគឺការប្រមូលផ្តុំកំណើនសេដ្ឋកិច្ចខ្លាំងពេកទៅលើវិស័យបន្ទះឈីប ដែលវាអាចនឹងធ្វើឱ្យប្រទេសនេះប្រឈមនឹងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើការវិនិយោគ និងការចំណាយលើបច្ចេកវិទ្យា AI ជុំវិញពិភពលោកមានការថមថយ។

បើទោះបីជាតម្រូវការបន្ទះឈីប AI បានកំពុងជួយស្រោចស្រង់ និងរុញច្រានសេដ្ឋកិច្ចកូរ៉េខាងត្បូងឱ្យស្ទុះងើបឡើងវិញយ៉ាងខ្លាំងក្លាក៏ពិតមែន ប៉ុន្តែអ្នកវិភាគមើលឃើញថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច (Economic Diversification) គឺជារឿងចាំបាច់ ដើម្បីជៀសវាងហានិភ័យទៅថ្ងៃមុខ។

ប្រែសម្រួល៖​ គីរី 

To Top