នយោបាយ

លោក សុខ ឥសាន ៖ បើខ្លាចបាត់ EBA ត្រូវទាមទារឲ្យសម រង្ស៊ី សងមកវិញ

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា លោក សុខ ឥសាន បានថ្លែងថា បើខ្លាចបាត់ប្រព័ន្ធអនុគ្រោះ ពាណិជ្ជកម្មកម្មគ្រប់មុខ លើកលែងសព្វាវុធ ឬហៅកាត់ EBA ត្រូវទាមទារឲ្យក្រុមទណ្ឌិត សម រង្ស៊ី សងមកកម្មករវិញ ពីព្រោះ ក្រុម សម រង្ស៊ី ជាអ្នកធ្វើឲ្យសហភាពអឺរ៉ុប (EU) ផ្ដាច់ EBA ពីកម្ពុជា។

អ្នកនាំពាក្យថ្លែងបែបនេះ ក្រោយពី វិទ្យុ VOD បានចេញ ផ្សាយកាលពីថ្ងៃទី២៤ ធ្នូ ថា សហជីព និងតំណាងកម្មករ ៥០នាក់ មកពីរោងចក្រកាត់ដេរ១០នៅកម្ពុជា បានសម្រេចផ្តើមធ្វើយុទ្ធនាការទាមទារ ឲ្យរាជរដ្ឋាភិបាលគោរព លក្ខខណ្ឌរបស់សហភាពអឺរ៉ុប ដើម្បីរក្សា EBA នៅកម្ពុជា បន្ដទៀត ខណៈ EBA បានធ្វើឲ្យកម្ពុជាចំណេញ ពន្ធនាំទំនិញ ចូល EU ប្រមាណជា៧០០លានដុល្លារ ក្នុង១ឆ្នាំៗ។

លោក សុខ ឥសាន បានសរសេរ នៅក្នុងតេឡេក្រាម នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ថា «បើខ្លាចបាត់ EBA គួរនាំគ្នាទៅស្រុកបារាំងទាមទារឲ្យទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ សងមកកម្មករវិញ ព្រោះវាហ្នឹងហើយ ដែលបានអួតអាងពីស្នាដៃ ធ្វើឲ្យ EU ផ្តាច់ EBA ពីកម្ពុជានោះ។ មិនទាន់បាត់ EBA ផង នាំគ្នាបង្អើលទៅហើយ បើមិនទាន់ជាក់កុំអាល ញាក់ចិញ្ចើម»។

លោកបញ្ជាក់ថា ការធ្វើបាតុកម្មទាមទារឲ្យរាជរដ្ឋាភិបាល ដោះស្រាយ EBA គឺជាសិទ្ធិសេរីភាពរបស់ពួកគេ ប៉ុន្ដែត្រូវទាមទារអ្នកធ្វើឲ្យបាត់បង់ EBA ទើបត្រឹមត្រូវ។

លោកថា EBA បាត់ឬមិនបាត់ នៅវែងឆ្ងាយទៅទៀត ប៉ុន្ដែពួកប្រឆាំងនាំគ្នាធ្វើសកម្មភាព បំភិតបំភ័យកម្មករ និយោជិត និងប្រជាជន។ ទាំងនេះជាល្បិចកលទុច្ចរិត ចង់បំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ និងសេចក្តីសុខប្រជាជនកម្ពុជា។

សូមរំលឹកថា EU ទុកពេលឲ្យកម្ពុជា១ខែ ដើម្បីបញ្ចេញប្រតិកម្មតប ក្រោយបញ្ចប់របាយការណ៍បឋម ស្តីពី ការផ្អាក EBA បណ្តោះអាសន្ន នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ពោលពីថ្ងៃ១២វិច្ឆិកាដល់១២ធ្នូ ។ ក្រោយមករាជរដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីឆ្លើយតបចុងក្រោយ ដើម្បីឆ្លើយតបចំពោះរបាយការណ៍ របស់គណៈកម្មការអឺរ៉ុបពាក់ព័ន្ធ EBA ដោយសង្ឃឹមថា EU នឹងពិចារណា ផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ដល់កម្ពុជាបន្តទៀត៕ ដោយ អេង ប៊ូឆេង

To Top
×