នយោបាយ

គង់ គាំ ៖ សម រង្ស៊ីកំពុងបើកវគ្គ និងសំងំចាំមើល របាយការណ៍កម្ពុជា ផ្ញើទៅ EU ករណីEBA ដើម្បីវាយប្រហារ រាជរដ្ឋាភិបាល

ភ្នំពេញ ៖ លោក គង់ គាំ អតីតអ្នកនយោបាយជើងចាស់ មកពីគណបក្សសង្រ្គោះជាតិ (CNRP)បាន លើកឡើងថា ក្រុមលោក សម រង្ស៊ី កំពុងបើកវគ្គ និងសំងំរងចាំមើល របាយការណ៍ របស់រាជរដ្ឋាភិបាល កម្ពុជាផ្ញើរបាយការណ៍ ទៅសហភាពអឺរ៉ុប (EU) ក្នុងករណីលើប្រព័ន្ធអនុគ្រោះពន្ធ គ្រប់ប្រភេទ(EBA)។

នៅខែកុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ សហភាពអឺរ៉ុប នឹងផ្អាកEBAជាបណ្តោះអាសន្ន ប្រសិនរកឃើញថា រាជរដ្ឋាភិបាលរំលោភសិទ្ធិមនុស្ស ។ នៅថ្ងៃ១២ ធ្នូ ក្រសួងការបរទេសកម្ពុជា បានឆ្លើយតបចំពោះរបាយការណ៍របស់គណៈកម្មការអឺរ៉ុប ទាក់ទងនីតិវិធី នៃការដកប្រព័ន្ធអនុគ្រោះពន្ធ ជាបណ្តោះអាសន្ន ដែលសហភាពអឺរ៉ុបផ្តល់ឲ្យកម្ពុជា ។

លោក គង់ គាំ លើកឡើងក្នុងហ្វេសប៊ុក នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ថា “ដោយគ្មានភាពអៀនខ្មាស និងតាមសារជាតិមុខក្រាស់ បោកប្រាស់មិនឈប់ឈរក្រុមសម រង្ស៊ី ដែលបរាជ័យពីវគ្គមួយទៅវគ្គមួយ កំពុងបើកវគ្គថ្មី និងសំងំចាំក្រោយរបាយការណ៍ របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះ EU ថ្ងៃទី១២ ធ្នូ ២០១៩ និងក្រោយ EU ផ្តាច់ EBA នៅខែកុម្ភៈ ឆ្នាំ២០២០ខាងមុខដែលក្រុមគេហៅថា ជាផែនការអន្តរជាតិ វាយឲ្យសម្តេច ហ៊ុន សែន ទ្រោមសិន ទើបក្រុមគេចាប់ផ្តើម វគ្គតស៊ូបន្តទៀត” ។

ប៉ុន្តែលោកថា ពលរដ្ឋកម្ពុជា ពិសេសកម្មករ រួមទាំងធុរជនជាតិ-អន្តរជាតិ ដែលទុកកម្ពុជា ជាឆ្នាំងបាយ រួមទាំងអតីតអ្នកនយោបាយ CNRPផង មិនត្រឹមតែថ្កោលទោស និងបើកមុខមាត់អាក្រក់របស់ក្រុមសម រង្ស៊ី ដែលមានគំនិតអាត្មានិយម ចង់ឲ្យ EBAបាត់បង់ ដើម្បីផលប្រយោជន៍ ដល់ក្រុមខ្លួនមួយក្តាប់នោះទេ ប៉ុន្តែពួកគេបានប្រឹងប្រែង ជាមួយរាជរដ្ឋាភិបាល ពុះពារដូចបណ្តាប្រទេសគ្មាន EBA អាចរស់ និងរីកចម្រើនបាន ។

លោកថា កម្ពុជាចាត់ទុកវិញ្ញាសារ ចាប់ផ្តើមពិចារណាដក EBA ជាមធ្យោបាយបំប៉នកម្លាំងសេះសម្រាប់ផ្លូវឆ្ងាយរបស់ប្រទេស និងពលរដ្ឋកម្ពុជា និងបានជួយកម្ពុជាស្គាល់ចេតនាល្អ និងអាក្រក់របស់ក្រុមផ្តាច់ EBA ។

លោក គង់ គាំបន្ថែមថា ជាក់ស្តែងមុនឆ្នាំ២០២២ និងឆ្នាំ២០២៣ ទាំងអន្តរជាតិ តំណាង EU ឯកអគ្គរដ្ឋទូតអាមេរិក និងអង្គទូតបណ្តាប្រទេសប្រចាំកម្ពុជា បានបន្តទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល ចេញពីការបោះឆ្នោត២០១៨ ដោយជ្រោមជ្រែងកម្ពុជា ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ឆ្ពោះទៅអនាគតមិនងាកក្រោយឡើយ ៕

To Top
×