អត្ថបទស្រាវជ្រាវ (scholar)

ដំណាក់​កាល ​ស្តារឡើងវិញ ពីជម្ងឺកូវីដ-១៩ និងកុមារ នៅកម្ពុជា៖ ដល់ពេល ត្រូវប្រគល់ កុមារភាព ឱ្យកុមារវិញហើយ

ការសិក្សាថ្មីៗមួយចំនួន បង្ហាញថាប្រមាណ ជាជិតមួយឆ្នាំកន្លះ បន្ទាប់ពីករណីទី១​នៃជម្ងឺកូវីដ-១៩ត្រូវបាន រកឃើញ​នៅប្រទេសកម្ពុជា ជំងឺរាតត្បាតសកលនេះ​បន្តិចម្តងៗ បានដកហូតនូវសិទ្ធិ ជាមូលដ្ឋានដ៏សំខាន់ បំផុតចេញពីកុមារ និងធ្វើឱ្យកុមារភាព របស់ពួកគេនៅទ្រឹង។ ក្នុងរយៈពេល១៥ ខែដំបូង កុមារត្រូវបានតម្រូវឱ្យនៅផ្ទះ ដោយសារការបិទសាលារៀន និងការរឹតត្បិតផ្សេងៗទៀតដែលនាំ ឱ្យបាត់បង់ទម្លាប់ ប្រចាំថ្ងៃ និងឃ្លាតឆ្ងាយពីមិត្តភក្តិ គ្រូ និងសាច់ញាតិ។ លើសពីភាពឯកោ ពួកគេត្រូវ     ប្រយុទ្ធប្រឆាំងនឹងភាពភ័យខ្លាច និងភាពតានតឹងដែលកំពុងតែកើនឡើង។
ពួកគេភ័យខ្លាច ពីបញ្ហាសុខភាព ដែលអាចកើតឡើងលើខ្លួន និងគ្រួសារ របស់ពួកគេ នៅពេលដែលប្រទេស កំពុងជួបប្រទះ ករណីឆ្លងសហគមន៍ ជាបន្តបន្ទាប់​។

ពួកគេក៏ភ័យព្រួយ ពីមុខរបរ របស់ខ្លួននា ពេលអនាគត​​​​ព្រោះតែសាលារៀន ត្រូវបានបិទជាបន្តបន្ទាប់ ចាប់តាំងពីខែមីនា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃនេះ។ ពួកគេ ក៏មានការភ័យខ្លាច រៀនមិនទាន់គេ ដោយសារមានបញ្ហាប្រឈមជាច្រើន ពាក់ព័ន្ធនឹង ការរៀនសូត្រពីចម្ងាយ ។ បញ្ហាតានតឹង នៅពេលដែលពួកគេបានឃើញឪពុកម្តាយ និងសាច់ញាតិ​គ្រួសារ​ បាត់បង់ប្រាក់ចំណូល និងមានការលំបាក ក្នុងការចំណាយ​លើការរស់នៅ។ ការស្ទង់មតិក៏បានបង្ហាញផងដែរថា អំពើហិង្សាក្នុងគ្រួសារ បានកើនឡើងក្នុងកំឡុងពេល មានជម្ងឺរាតត្បាត ហើយលទ្ធភាពដែលកុមារ អាចស្វែងរកសេវា គាំទ្រត្រូវបានកាត់បន្ថយ ។  វាអាចជារឿងពិបាក ដែលឪពុកម្តាយ និងអាណាព្យាបាល ​ជាច្រើន និយាយធានា ចំពោះកូនៗ ពួកគេ ក្នុងការដោះស្រាយបញ្ហានេះ ជាពិសេស ក្នុងស្ថានភាពនៃការឆ្លង ជាសហគមន៍ ជាលើកទី៣នេះ​​​ ស្របពេលដែលបញ្ហាសេដ្ឋកិច្ច របស់ពួកគេ ក៏មានការកើនឡើង ច្រើនថែមទៀត។ ទោះបីជាស្ថានភាពបច្ចុប្បន្ន ហាក់បីដូចជា នៅងងឹតក៏ពិតមែន ​ប៉ុន្តែក៏មានសញ្ញាខ្លះ     ដែលផ្តល់ក្តីសង្ឃឹមដល់ យើងថាជម្ងឺរាតត្បាតនេះ អាចនឹងត្រូវបានកម្ចាត់បាត់​នាពេលខាងមុខនេះ។​ ជាមួយនឹងអត្រាប្រហែល ២៣ភាគរយ ​នៃពលរដ្ឋពេញវ័យរបស់ខ្លួន បានចាក់វ៉ាក់សាំង យ៉ាងហោចណាស់ម្តងរួចហើយ​ កម្ពុជាជា


ប្រទេសដែលឈរ​នៅលំដាប់ទី២ ក្នុងចំណោមប្រទេស ដែលជោគជ័យបំផុត ក្នុងតំបន់សម្រាប់យុទ្ធនាការចាក់វ៉ាក់កូវីដ-១៩។​ របាយការណ៍ ពីបណ្តាប្រទេស ដែលពលរដ្ឋភាគច្រើន បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩​​​​ ក៏ជារឿងល្អ​សម្រាប់លើកទឹកចិត្តដល់ប្រទេសដទៃដែរ។  នៅក្នុងប្រទេសទាំងនេះ ការឆ្លងនិងចំនួនអ្នកស្លាប់ កំពុងធ្លាក់ចុះដែលបង្ហាញថា វ៉ាក់សាំងមានប្រសិទ្ធភាព។ ក្នុងបរិបទនេះ​​​ ពួកយើងជឿជាក់ថា វាដល់ពេលដែលត្រូវគិតដល់ សមរភូមិមួយទៀត ដែលចាំយើង នាពេលខាងមុខ។ សម្រាប់កុមារជាច្រើន នៅកម្ពុជា​​​​​ “ការវិលរក ភាពប្រក្រតីវិញ” អាចនឹងត្រូវការកិច្ចប្រឹងប្រែង ច្រើនជាង ការប្រយុទ្ធប្រឆាំងនឹង ជម្ងឺកូវីដ-១៩ទៅទៀត​​​ ដែលក្នុងនោះ រួមមានការប្រយុទ្ធនឹងផលប៉ះពាល់​ ដែលអាចមានរយៈពេលវែង ​លើការសិក្សារៀនសូត្រ ភាពក្រីក្រ និងសុខភាពផ្លូវចិត្ត។

អង្គការរបស់យើងទាំងអស់គ្នា ថ្មីៗនេះ បានធ្វើការស្ទង់មតិ និងការសន្ទនាជាបន្តបន្ទាប់ ជាមួយកុមារជាច្រើន ដើម្បីសួរនាំពួកគេអំពីផលប៉ះពាល់នៃជម្ងឺកូវីដ-១៩ ទៅលើជីវិត និងក្តីសង្ឃឹមរបស់ពួកគេ ទៅលើការស្តារប្រទេសឡើងវិញ។ តាមរយៈការសន្ទនានោះ  ចំណុចអាទិភាពចំនួន៣ ត្រូវបានកំណត់ដោយកុមារ ហើយជាចំណុចដ៏សំខាន់បំផុត ប្រសិនបើយើងចង់ផ្តល់ កុមារភាព ទៅឱ្យពួកគេវិញ។

អាទិភាពទីមួយ គឺការបើកសាលារៀនឡើងវិញ។ ទោះបីជាមានការខិតខំប្រឹងប្រែង ពីគ្រប់ភាគីពាក់ព័ន្ធក៏ដោយ ក៏ការស្ទង់មតិជាច្រើនបានលើកឡើងថា កុមារប្រហែល ១ភាគ៣ មិនបានបន្តការរៀនសូត្រ ក្នុងពេលបិទសាលារៀន នោះទេ។ អ្នកដែលបន្ត ការរៀនសូត្រនោះ ក៏រៀនបានតែពីរបីម៉ោង ក្នុងមួយសប្តាហ៍ និងស្ថិតក្នុងស្ថានភាព លំបាកខ្លាំង។

“រ៉ាវី” កុមារអាយុ ១៤ ឆ្នាំ មកពីខេត្តមណ្ឌលគីរី បាននិយាយ ថា៖“ការរៀន តាមអ៊ីនធឺណិត មិនងាយស្រួលទេ។ ខ្ញុំមិនអាច ចាប់យកមេរៀនបានទេ នៅពេលគ្រូពន្យល់ ហើយដល់ពេលម៉ោងចប់ថ្នាក់ ក៏គ្មាននរណាម្នាក់ អាចពន្យល់ខ្ញុំបានទៀតទេ”។

បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំផែនការ សម្រាប់ការបើក សាលារៀន ឡើងវិញ ប្រកបដោយសុវត្ថិភាព។ ជាការចាំបាច់ណាស់ ក្នុងការសម្រេច បញ្ចប់ផែនការនេះ ហើយអនុវត្ត     ឱ្យបានឆាប់រហ័ស និងមានសុវត្ថិភាពតាមតែអាច     ធ្វើទៅបាន ជាពិសេសនៅពេលដែលបុគ្គលិកវិស័យអប់រំជាង ៨៥ភាគរយ បានទទួលការចាក់វ៉ាក់សាំង រួចរាល់ហើយនោះ។ លើសពីនេះទៅទៀត អ្នកពាក់ព័ន្ធទាំងអស់ នឹងត្រូវចូលរួមជាមួយគ្នា នៅដើមឆ្នាំសិក្សាបន្ទាប់ ដើម្បីអនុវត្តយុទ្ធនាការចុះឈ្មោះ ចូលរៀន ដោយសស្រាក់សស្រាំ​ ដើម្បីនាំកុមារ មកកាន់សាលារៀនវិញ។ វាតម្រូវឱ្យមានវិធានការចម្រុះ ដូចជាកម្មវិធី អាហារូបករណ៍ ដើម្បីគាំទ្រដល់សិស្សដែលមានហានិភ័យ នឹងបោះបង់ចោលការសិក្សា វគ្គសិក្សាដើម្បីគាំទ្រ ដល់សិស្សដែលបានឈប់រៀន ក្នុងកំឡុងពេលបិទសាលារៀន -ល-។ កិច្ចប្រឹងប្រែង     ដើម្បីទប់ទល់ នឹង ការបោះបង់ការសិក្សានឹងត្រូវមាន រហូតដល់សេដ្ឋកិច្ច បានស្តារពេញលេញឡើងវិញ ដែលកន្លងមក ភាពលំបាកផ្នែកសេដ្ឋកិច្ច បានធ្វើឱ្យប៉ះពាល់ ដល់គ្រួសារជាច្រើន និងដែលធ្វើឱ្យកុមារប្រឈម នឹងហានិភ័យនៃការបោះបង់ ចោលការសិក្សា ពលកម្មកុមារ និងរៀបអាពាហ៍ពិពាហ៍ នៅវ័យកុមារ។

ទីពីរ គួរតែធានាថា មានការគាំទ្រផ្នែកហិរញ្ញវត្ថុ ចំពោះគ្រួសារ ដែលងាយ រងគ្រោះបំផុត។ ក្នុងរយៈពេល១៥      ខែកន្លងមកនេះ មនុស្សជាច្រើន បានបាត់បង់ការងារ ឬថយចុះនូវប្រាក់ចំណូល។ កុមារាឈ្មោះ សុផលដែលមាន អាយុ ១៧  ឆ្នាំ មកពីខេត្តមណ្ឌលគីរី បានឱ្យដឹងថា  “គ្រួសាររបស់ខ្ញុំ មិនមានចំណូលអ្វីទេ មានតែការចំណាយ ហើយយើងបានជំពាក់ប្រាក់ជាច្រើន”

យោងតាមលទ្ធផល នៃការស្ទង់មតិរបស់ អង្គការទស្សនៈពិភពលោកថ្មីៗនេះ បង្ហាញថា​ មានតែ ៥០ ភាគរយ នៃអ្នកដែលចូលរួមឆ្លើយសំណួរ បានប្រាប់ថា ពួកគេ មានលទ្ធភាពទាំងស្រុង ក្នុងការចំណាយលើថ្លៃអាហារហូបចុក។​​ ដើម្បីទប់ទល់នឹងស្ថានភាពនេះ ពួកគាត់ត្រូវខ្ចីបំណុលថ្មី ឬលក់ទ្រព្យសម្បត្តិដែលនូវមានផលិតភាព។ ម្យ៉ាងវិញ អស្ថិរភាពសេដ្ឋកិច្ចដែលកំពុងកើនឡើងនេះ អាចនឹងបង្កឱ្យមានហានិភ័យទៅលើសន្តិសុខស្បៀង បន្ទាប់ពីការរាតត្បាតនៃជម្ងឺដ៏កាចសាហាវនេះ។ ដើម្បីដោះស្រាយបញ្ហានេះ អ្វីដែលសំខាន់នោះ គឺត្រូវបន្តកម្មវិធី ជំនួយសង្គមដែលបានចាប់ផ្តើម ក្នុងអំឡុងពេលមាន ជម្ងឺរាតត្បាតដ៏កាចសាហាវនេះ រហូតដល់សេដ្ឋកិច្ចអាចដំណើរការជាធម្មតា   វិញ។ លើសពីនេះទៅទៀតនោះ ត្រូវយកចិត្តទុក ដាក់ចំពោះគ្រួសារ ដែលងាយទទួលរងគ្រោះបំផុតដែលត្រូវការ អាហារូបត្ថម្ភ ស្បៀង និងកម្មវិធីចិញ្ចឹមជីវិតបន្ថែម ដើម្បីកាត់បន្ថយ ផលប៉ះពាល់ធំបំផុត នៃការបាត់បង់ការងារ នៅក្នុងប្រទេស។

ចំនុចអាទិភាពទីបី គប្បីដោះស្រាយនូវផលប៉ះពាល់នៃការរីករាយដាលនូវជម្ងឺរាតត្បាតនេះទៅលើសុខភាពផ្លូវចិត្ត របស់កុមារ។ កុមារីឈ្មោះ គន្ធា ដែលមានអាយុ ១២  ឆ្នាំ រស់នៅខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា “ខ្ញុំព្រួយបារម្ភអំពីការរៀនមិនទាន់គេ និងការដែលគ្រួសារខ្ញុំ អាចនឹងឆ្លងជម្ងឺកូវីដ-១៩”។​ ការវិនិយោគ​ជាចាំបាច់លើបរិយាប័នសង្គម សេវាកម្មគាំពារសង្គម និងកម្មវិធីមានសារៈសំខាន់ដទៃទៀត​​ ត្រូវធ្វើឡើង ដើម្បីធានាបាន នូវការផ្តល់សេវាសុខភាពផ្លូវចិត្តសម្រាប់កុមារ និងគ្រួសាររបស់កុមារងាយរងគ្រោះ។ ការអូសបន្លាយឱ្យមានភាពឯកោ និងភាពតានតឹងអាចបង្កឱ្យមានផលប៉ះពាល់រយៈពេលវែងដូចជា បណ្តាលឱ្យ បាត់បង់ទំនុកចិត្ត អសុវត្ថិភាព និងការផ្តាច់     ខ្លួនចេញពីសង្គម ទោះបីជាការប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនេះបានបញ្ចប់ក៏ដោយ។

តាមចំណុចអាទិភាព ដែលបានលើកឡើងខាងលើ ប្រទេសកម្ពុជា គួរដាក់ការអភិវឌ្ឍ និងការរៀនសូត្ររបស់កុមារ ទៅក្នុងចំណុចស្នូល នៃផែនការការស្តារឡើងវិញ ដែលមិនត្រឹមតែ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងនេះ ប៉ុណ្ណោះទេ ថែមទាំងដើម្បីជម្នះ ផលប៉ះពាល់ រយៈពេលវែងរបស់វា ផងដែរ៕

To Top