អត្ថបទស្រាវជ្រាវ (scholar)

គោលនយោបាយចិន តែមួយជាគំនិតឯកភាពរួម របស់សហគមន៍អន្តរជាតិ

«តៃវ៉ាន់ ជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បានរបស់ប្រទេសចិន» នេះមិនត្រឹមតែជាការលើកឡើងរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឯកភាពរួមរបស់សហគមន៍អន្តរជាតិ ពិសេសគឺជាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ ពោលគឺរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ។

ពិតមែនតែក្នុងប្រវត្តិសាស្ត្រ តំបន់តៃវ៉ាន់ធ្លាប់បានត្រូវបំបែកចេញពីប្រទេសចិនដោយសារកត្តាសង្គ្រាមក្តី ក៏ប៉ុន្តែកាលពី ៨០ ឆ្នាំមុន នៅឯទីក្រុងគែរប្រទេសអេហ្ស៊ីប ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានចេញ «សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» ដែលចែងយ៉ាងច្បាស់ថា «ប្រគល់កោះតៃវ៉ាន់ដែលជាទឹកដីរបស់ចិនដែលត្រូវជប៉ុនលួចយកឱ្យប្រទេសចិនវិញ » ។ បន្ទាប់មក មាត្រាទី ៨ នៃ «សេចក្តីប្រកាសក្រុង Postdam» ដែលចេញផ្សាយរួមគ្នាដោយប្រទេសចិន សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពសូវៀតក្នុងឆ្នាំ ១៩៤៥ បានចែងថា«សេចក្តីថ្លែងការណ៍រួមទីក្រុងគែរ» នឹងត្រូវអនុវត្តជាដាច់ខាត ។

នេះជាភស្តុតាងយ៉ាងលាក់ជាក់ដែលបញ្ជាក់ថាតំបន់តៃវ៉ាន់ ជាផ្នែកមួយរបស់ប្រទេសចិននិងមិនអាចប្រកែកបាន ។ ទោះបីជាបច្ចុប្បន្ននេះនៅមិនទាន់បានបង្រួបបង្រួមក្តី ក៏ប៉ុន្តែជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់គឺមានឈាមជ័រតែមួយ ហើយមិនថាអាជ្ញាធរនៃដែនកោះតៃវ៉ាន់ ឬពួកអបគមន៍និយមដែលប៉ុនប៉ងឆ្លងតាមការគប់គិតជាមួយ កម្លាំងខាងក្រៅមួយចំនួនដើម្បីបំបែកតៃវ៉ាន់ ចេញពីប្រទេសចិន ប្រឹងត្រដរធ្វើសកម្មភាពក្បត់នឹងការពិតនៃប្រវត្តិសាស្ត្រ ក្បត់នឹងឆន្ទៈរបស់ប្រជាជនយ៉ាងណាក្តី ក៏ការបង្រួបបង្រួមជាតិនៃប្រទេសចិនគឺជានិន្នាការដែលចៀសមិនរួចឡើយ ។

បច្ចុប្បន្ន ប្រទេសចិនបានបង្កើតទំនាក់ទំនងការទូតជាប្រទេសចំនួន ១៨២ នៅលើពិភពលោកដោយឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ ។ អ្វីដែលគួរបញ្ជាក់គឺថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កូនប្រទេសមួយចំនួនតូចដែលបានបង្កើត«ទំនាក់ទំនងផ្លូវទូត» ជាមួយអាជ្ញាធរតៃវ៉ាន់ បាននាំគ្នាផ្តាច់ «ទំនាក់ទំនងផ្លូវការ»ជាមួយតៃវ៉ាន់ ហើយងាកមកបង្កើតទំនាក់ទំនងផ្លូវទូតជាមួយរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនវិញ នេះបានសបង្ហាញថា ការបង្កើត«ទំនាក់ទំនងផ្លូវការ» ជាមួយតំបន់តៃវ៉ាន់វាស្មើនឹងការដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីសហគមន៍អន្តរជាតិ និងផ្ទុយពីនិន្នាការទូទៅនៃសកលលោក ។ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ នេះ រដ្ឋាភិបាលនៃប្រទេសណូរូបានប្រកាសថានឹងផ្តាច់ «ទំនាក់ទំនងផ្លូវទូត» ជាមួយតំបន់តៃវ៉ាន់និងមានឆន្ទៈស្តារទំនាក់ទំនងជាមួយសាធារណរដ្ឋប្រជាមានិតចិនឡើងវិញ ហើយប្រទេសចិនក៏បានបង្ហាញពីការកោតសរសើរនិងស្វាគមន៍ចំពោះការនេះផងដែរ ។

តើគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ជានយោបាយអភិបាលកិច្ចដ៏មាន ប្រសិទ្ធភាពឬជានយោបាយបំបិទសិទ្ធិសេរីភាព ?

ប្រទេសចិន បានបញ្ជាក់ហើយថា បន្ទាប់ពីការបង្រួបបង្រួមតំបន់តៃវ៉ាន់ រដ្ឋាភិបាលមជ្ឈិមចិន នឹងអនុវត្តគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ដើម្បីធ្វើអភិបាលកិច្ចចំពោះតំបន់តៃវ៉ាន់ ដូចតំបន់ហុងកុង និងម៉ាកាវដែរ ពោលគឺនឹងរក្សារបបសង្គមនិងប្រព័ន្ធនយោបាយដើមរបស់តៃវ៉ាន់ តែត្រូវស្ថិតក្រោមអភិបាលកិច្ចរបស់រដ្ឋាភិបាលមជ្ឍិម ។ យ៉ាងណាមិញ បស្ចិមប្រទេសមួយចំនួនតូចតែងឃោសនានិងញុះញង់ថា នយោបាយ«ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» បានបំបិទសិទ្ធិសេរីភាពរបស់ហុងកុងនិងម៉ាកាវ តើសភាពពិតដូចជាការឃោសនាទេ ?

ជាក់ស្តែង អ្វីដែលយើងមើលឃើញច្បាស់នឹងភ្នែកគឺពលរដ្ឋហុងកុង និងម៉ាកាវ បានរស់ក្នុងសង្គមដែលមិនមានការផ្លាស់ប្តូររបបនយោបាយចាស់ឡើយ ពោលគឺមានសិទ្ធិសេរីភាពពេញលេញក្នុងការរស់នៅ ហើយតាមរយៈការតភ្ជាប់ជាមួយផែនការអភិវឌ្ឍន៍របស់តំបន់ចិន ដីគោក តំបន់ហុងកុង និងម៉ាកាវ ទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលបានរក្សាឋានៈជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ និងពាណិជ្ជកម្មអន្តរជាតិក្នុងរយៈពេល ជាច្រើនឆ្នាំជាប់ៗគ្នា ជាពិសេស ទោះបីជាបច្ចុប្បន្ននេះសេដ្ឋកិច្ចពិភពលោក កំពុងស្ថិតក្នុងកំណើនទាបក្តី ក៏ប៉ុន្តែសេដ្ឋកិច្ចនៃតំបន់ហុងកុងនិងម៉ាកាវបានរក្សាកំណើនលឿនបង្គួរ ដែលបញ្ជាក់ថាតំបន់ទាំងពីរនេះ បានអភិវឌ្ឍក្រោមរបបនយោបាយដែលប្រកបដោយប្រសិទ្ធភាព ។

អាស្រ័យហេតុនេះ ការដែលលើកឡើងពីការព្រួយបារម្ភថា ក្រោយពេលដែលតំបន់តៃវ៉ាន់វិលចូលមាតុប្រទេសវិញ ប្រជាពលរដ្ឋ នឹងបាត់បង់សិទ្ធិសេរីភាព ហើយការអភិវឌ្ឍនឹងធ្លាក់ចុះនោះវាគ្មានភាពចាំបាច់ទេ ព្រោះក្រោយពេលបង្រួបបង្រួមជាតិទាំងមូល តំបន់តៃវ៉ាន់ នឹងមានសន្ទុះអភិវឌ្ឍន៍កាន់តែខ្លាំង ក្លាតាមរយៈការតភ្ជាប់ផែនការអភិវឌ្ឍន៍ជាមួយមជ្ឈិមចិន ។

មិនថាការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ នៃតំបន់តៃវ៉ាន់មានលទ្ធផលយ៉ាងណាក្តី ក៏មិនអាចកែប្រែការពិតដែលតំបន់តៃវ៉ាន់ជាផ្នែកមួយរបស់ប្រទេសចិន នោះទេ ហើយក៏មិនអាចកែប្រែគំនិតឯកភាពរួមរបស់ សហគមន័អន្តរជាតិស្តីពីគោលការណ៍ចិនមួយនោះដែរ គឺដូចជាសេចក្តីថ្លែងការណ៍របស់ រាជរដ្ឋាភិបាលកម្ពុជាដែលចែងថា ៖ រាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់គោលនយោបាយចិនមួយថា ពាក់ព័ន្ធនឹងការវិវឌ្ឍថ្មីៗនៅតៃវ៉ាន់ អ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បញ្ជាក់សាជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់កម្ពុជាចំពោះ«គោលនយោបាយចិនមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល។

ជារួម លើពិភពលោកនេះមានប្រទេសចិន តែមួយគត់ ហើយរាល់សកម្មភាពដែលប៉ុនប៉ងបំបែកតំបន់តៃវ៉ាន់ចេញពីប្រទេសចិនមុខជាត្រូវបរាជ័យជាមិនខាន ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

To Top