ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ បានស្តេចយាងប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ។

សម្រាប់ព្រឹកនេះដែរ ក៏មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានមកទស្សនាព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តផងដែរ។ ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្ត កើតមានឡើងពីរដង នៅក្នុងឆ្នាំ២០២៣ ។ ក្នុងនោះលើកទី១ កើតឡើងនៅថ្ងៃទី២១ ខែមីនា និងលើកទី២ នៅថ្ងៃទី២២ កញ្ញា។ នេះបើយោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា៕
