កម្មវិធីប្រដាល់កម្ពុជាសង្វៀនគុណខ្មែរ ដែលឧបត្ថម្ភផ្តាច់មុខដោយស្រាបៀរកម្ពុជា បានឈានមកដល់ការប្រកួត ផ្តាច់ព្រ័ត្រជុំទី១ហើយ នៅថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកានេះ។
លោកស្រីគង់ កុសល នាយិការទីផ្សាររបស់ ក្រុមហ៊ុនស្រាបៀរកម្ពុជាបានប្រាប់ឱ្យដឹងថា៖ «សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រជុំទីមួយនៃក្រុមពីរនេះ នឹងមានការជួបគ្នារវាងកីឡាករកម្ពុជាគឺ ធន់ ចាន់តាក់ និង កីឡាករថៃ ភេតណងប៊ី គាតបានឌិតយីម ដូច្នេះសូមអ្នកស្នេហាកីឡាប្រដាល់ចូលរួមទស្សនាផ្ទាល់ ឬតាមកញ្ចក់ទូរទស្សន៍ ដើម្បីលើកទឹកចិត្តកីឡាករខ្មែរយើងនៅ សង្វៀន ស្ថានីយ៍ទូរទស្សន៍CBS ( CTN, MYTV, និង CNC) វេលាម៉ោង ៨ព្រឹកតទៅ»។
ស្របពេលនឹងការប្រកួតជ្រើសរើស ជើងឯកនៃក្រុមពីរនេះ ក៏មានការចូលរួមប្រកួតពីកីឡាករជា ច្រើនរូបផងដែរ រួមមាន៖ កីឡាករឈុត សេរីវ៉ាន់ថង ជួបជាមួយកីឡាករ ទួនប៉េ ស៊ីតសាមផាយ៉ាក់ ក្នុងលក្ខណៈមិត្តភាព, កីឡាករស៊ីងថង ស៊ីតកាំណាន់ប្រាសឺត ប៉ះជាមួយកីឡាករ នុមស្ទឹក ស. រ៉ូតឆៃ ជាដើម។
គួរបញ្ជាក់ថា ម្ចាស់ជើងឯកនៅថ្ងៃសៅរ៍នេះ នឹងទទួលបានរង្វាន់ ជាទឹកប្រាក់សុទ្ធ៥០០ដុល្លារ ម៉ូតូ Zoomer X មេដាយមួយ និងលិខិតសរសើរមួយផងដែរ៕