ព័ត៌មានជាតិ

រដ្ឋាភិបាលចិន ផ្តល់សម្ភារនិងបរិក្ខា សម្រាប់គម្រោងសាកល្បង បញ្ចេញកាបូនតិច នៅខេត្តព្រះសីហនុ

ភ្នំពេញ៖​ ក្រសួងបរិស្ថាន នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ បានទទួលសម្ភារនិងបរិក្ខា កាត់បន្ថយការបញ្ចេញកាបូន ផ្តល់ដោយរដ្ឋាភិបាល នៃប្រទេសចិន សម្រាប់គម្រោងសាកល្បងប ញ្ចេញកាបូនតិច នៅខេត្តព្រះសីហនុ ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងបរិស្ថាន បានឲ្យដឹងថាសម្ភារៈនិងបរិក្ខាកាត់បន្ថយ ការបញ្ចេញកាបូន ផ្តល់ដោយរដ្ឋាភិបាលចិនរួមមាន៖
១- អំពូលសូឡា ចំនួន ២៨០០ គ្រឿង
២- អំពូល ផ្ទាំងសូឡាចំនួន២០០កម្លេ
៣- ម៉ូតូអគ្គិសនីចំនួន២០០គ្រឿង

ក្រោមគម្រោងសាកល្បង បញ្ចេញកាបូនតិចនៅខេត្តព្រះសីហនុ។ បច្ចុប្បន្ននេះ សម្ភារៈ និងបរិក្ខាទាំងអស់បានមកដល់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ខេត្តព្រះសីហនុរួចហើយ ហើយនឹងត្រូវបំពាក់តាមសាលារៀន និងទីសាធារណ:។
ជំនួយជាសម្ភារៈនិងបរិក្ខា កាត់បន្ថយការបញ្ចេញ កាបូនខាងលើនេះ បានផ្តល់ជូនមកប្រទេសកម្ពុជា តាមរយៈអនុស្សរណៈ យោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ គម្រោងសាកល្បង បញ្ចេញកាបូនតិច នៅខេត្តព្រះសីហនុ ដែលបានចុះហត្ថលេខា កាលពីឆ្នាំកន្លងទៅ រវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអេកូឡូស៊ី និងបរិស្ថាន នៃសាធារណរដ្ឋប្រជាមានិតចិន។

តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងបរិស្ថានសូមលើកទឹកចិត្ត ដល់តួអង្គពាក់ព័ន្ធទាំងអស់ សូមចូលរួមសកម្មភាពលើកកម្ពស់ ការយល់ដឹងអំពីបរិស្ថាន ពង្រឹងសមត្ថភាពបង្ការ ទប់ស្កាត់ និងចាត់វិធានការ កាត់បន្ថយការប្រែប្រួល អាកាសធាតុនៅប្រទេសកម្ពុជា ដើម្បីនិរន្តរភាពទីក្រុងស្អាត មានមេត្រីភាពបរិស្ថាន ទីក្រុងបៃតង ដើម្បីភាពសុខុដុម រមនាបរិស្ថាន និងការស់នៅដោយចីរភាព ៕

To Top