ម៊ិកស៊ីកូ៖ ប្រធានាធិបតីម៉ិកស៊ិកលោក Andres Manuel Lopez Obrador កាលពីថ្ងៃអាទិត្យបានជំរុញឱ្យដោះស្រាយបំណុល ដែលកំពុងកើនឡើង នៅកម្រិតសកល ដែលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅឯកិច្ចប្រជុំកំពូល G20។
ប្រធានាធិបតីម៉ិកស៊ិកបានបង្ហាញប្រទេសរបស់លោកជាឧទាហរណ៍ ដែលបំណុលសាធារណៈបានកើនឡើងដល់ ៥១,១ ភាគរយនៃផលិតផលក្នុងស្រុកសរុបពី ៤៤,៨ ភាគរយមុនពេលមានជំងឺរាតត្បាត។
លោកបានបន្ថែមថា“ ប្រសិនបើយើងមិនដោះស្រាយបញ្ហានេះ ឥឡូវនេះទេនៅពេលអនាគតវានឹងក្លាយជាការគំរាមកំហែងមួយផ្សេងទៀត ចំពោះស្ថេរភាពសេដ្ឋកិច្ច និងសុខុមាលភាពសង្គម” ។
នៅក្នុងនោះដែរ លោកប្រធានាធិបតី Lopez Obrador បានលើកឡើងថា កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមក នឹងជួយឱ្យពិភពលោកអាចយកឈ្នះ “រយៈពេលដ៏ឈឺចាប់នេះ” ។
លោកបានបញ្ជាក់ថា“ ខ្ញុំសង្ឃឹមថាយើងនឹងអាចបន្សល់ទុកជាប្រវត្តិសាស្ត្រនូវឧទាហរណ៍មួយនៃវិធីដោះស្រាយការគំរាមកំហែងសុខភាពសកលនិងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ តាមរយៈការអនុវត្តគោលការណ៍នៃភាតរភាពសកល៕ដោយ ឈូក បូរ៉ា