ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត ជឿជាក់ថា លោក បៃដិន នឹងបន្តរក្សា ស្ថិរភាពក្នុងតំបន់

បរទេស៖រដ្ឋមន្ត្រីការបរទេសរបស់ ប្រទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃសៅរ៍ថា លោកមានជំនឿចិត្តថា រដ្ឋាភិបាលសហដ្ឋអាមេរិកថ្មីរបស់លោក ចូ បៃដិន នឹងបន្តរក្សាគោលនយោបាយនានា ដែលជួយដល់ស្ថិរភាពក្នុងតំបន់ និងថា កិច្ចពិភាក្សាណាមួយជាមួយរដ្ឋបាលអនាគត នឹងនាំទៅរកកិច្ចសហប្រតិបត្តិការដ៏រឹងមាំ។

ទីក្រុងរីយ៉ាដ កំពុងតែបង្ហាញការត្រៀមរបស់ខ្លួន ចំពោះប្រធានាធិបតីសហរដ្ឋអាមេរិកថ្មី ដែលបានប្តេជ្ញាក្នុងយុទ្ធនាការបោះឆ្នោតថា នឹងធ្វើការវាយតម្លៃជាថ្មីចំពោះចំណងមិត្តភាពជាមួយប្រទេសអារ៉ាប៊ីសាអូឌីត ជាប្រទេសមួយដែលលោកបានពិពណ៌នាថា ជាប្រទេសមិនគួរគប់រកមួយ កាលពីឆ្នាំ២០១៩។

នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាននៅក្រៅកិច្ចប្រជុំកំពូលមេដឹកនាំ G20 ដែលអារ៉ាប៊ីសាអូឌីតធ្វើជាម្ចាស់ផ្ទះ ព្រះអង្គម្ចាស់ Faisal bin Farhan Al Saud បានមានបន្ទូលប្រាប់ដូច្នេះថា “ខ្ញុំមានជំនឿចិត្តថា រដ្ឋបាលរបស់លោក បៃដិន នឹងបន្តរក្សាគោលនយោបាយនានា ដែលស្ថិតនៅក្នុងផលប្រយោជន៍នៃស្ថិរភាពក្នុងតំបន់ ហើយកិច្ចពិភាក្សាណាមួយ ដែលយើងមានជាមួយរដ្ឋបាលអនាគតនោះ នឹងនាំទៅរកសហប្រតិបត្តិការដ៏រឹងមាំ”៕ប្រែសម្រួល៖ប៉ាង កុង

To Top