ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី មានបេ្តជ្ញាយ៉ាងមុតមាំក្នុងការពង្រីកលើវិស័យការងារ និងបណ្តុះបណ្តាលធនធានមនុស្សរបស់កម្ពុជាឲ្យបានកាន់តែប្រសើរបន្ថែមទៀត ដើម្បីឆ្លើយតបឲ្យទាន់ទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា ទាំងក្នុងតំបន់ និងពិភពលោក។
ការប្តេជ្ញាចិត្តដ៏មុតស្រួចនេះត្រូវបានធ្វើឡើងនៅក្នុងជំនួបជម្រាបលារបស់លោក ម៉ាយឃើល តាន (Michael Tan) ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា រវាង លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ។
លោក អ៊ិត សំហេង បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងការទូត និងវិស័យនានា ពិសេសគឺវិស័យការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរវាងកម្ពុជា និងសិង្ហបុរី ក្នុងអាណត្តិបេសកកម្មរបស់លោកម៉ាយឃើលតានដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រីបានបន្តថា សិង្ហបុរីបានជួយបណ្ដុះបណ្ដាលជំនាញបច្ចេកទេសជាច្រើនដល់គ្រូបង្គោល និងសិក្ខាកាមកម្ពុជាពិសេសសិង្ហបុរីបានបញ្ជូនគ្រូជំនាញៗមកបណ្ដុះបណ្ដាលដល់ប្រទេសកម្ពុជាផ្ទាល់។
ចំពោះផ្នែកសុវត្ថិភាព និងសុខភាពរបស់កម្មករនៅកន្លែងធ្វើការងារ សិង្ហបុរីក៏បានជួយច្រើនណាស់ដែរ ដូចជាជួយរៀបចំបច្ចេកទេសសុវត្ថិភាពឡចំហាយនៅក្នុងរោងចក្រការបណ្ដុះបណ្ដាលអ្នកជំនាញត្រួតពិនិត្យឡចំហាយជាដើមដោយបានចូលរួមកាត់បន្ថយបញ្ហាគ្រោះថ្នាក់ផ្សេងៗបានយ៉ាងច្រើននៅក្នុងរោងចក្រ សហគ្រាស។
សំណើបន្ទាប់របស់លោក អ៊ិត សំហេង គឺពាក់ព័ន្ធនឹងវិស័យបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដែលជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេស ពិសេសគឺកម្ពុជាត្រូវការធនធានមនុស្សប្រកបដោយគុណវឌ្ឍហើយកន្លងមកសិង្ហបុរីក៏បានដើរតួយ៉ាងច្រើនក្នុងការជំរុញលើការងារនេះ។
ជាមួយគ្នានោះ កម្ពុជាក៏មានបំណងចង់បន្តកិច្ចសហបប្រតិបត្តិការជាមួយសិង្ហបុរីតទៅមុខទៀត ហើយសង្ឃឹមថាសិង្ហបុរីនឹងនៅតែចែករំលែកបទពិសោធន៍ដល់កម្ពុជាបន្ថែមទៀតផងដែរ។
លោកអគ្គរដ្ឋទូតសិង្ហបុរីបានលើកឡើងពីកិច្ចខិតខំរបស់រដ្ឋាភិបាល និងស្ថានទូតសិង្ហបុរីប្រចាំកម្ពុជា ក្នុងការចូលរួមបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់សិក្ខាកាមកម្ពុជា។ ឯកឧត្តមបានលើកឡើងថា សិក្ខាកាមកម្ពុជាចូលចិត្តសិក្សានៅកន្លែងការងារផ្ទាល់តែម្ដង ដែលជាចំណុចពិសេសមួយក្នុងការអភិវឌ្ឍសមត្ថភាពឱ្យកាន់ល្អប្រសើរ។
លោកបានបន្តថា សិង្ហបុរីបានឈរលើចំណាត់ថ្នាក់ទី២ លើវិស័យវិនិយោគនៅកម្ពុជា ហើយឯកឧត្តមក្នុងនាមជាឯកអគ្គរដ្ឋទូតក៏តែងតែជំរុញដល់ក្រុមហ៊ុនទាំងនោះ ត្រូវបន្តយកចិត្តទុកដាក់ទទួលខុសត្រូវចំពោះការវិនិយោគរបស់ខ្លួននៅកម្ពុជា ត្រូវគោរពអនុវត្តតាមច្បាប់-លិខិតបទដ្ឋានគតិយុត្តនានា ព្រមទាំងត្រូវចូលរួមបណ្ដុះបណ្ដាលសមត្ថភាពជំនាញការងារដល់កម្មករកម្ពុជាផងដែរ ដើម្បីឱ្យពួកគេទទួលបានជំនាញសមស្របមួយសម្រាប់ធ្វើការងារចិញ្ចឹមជីវិតឱ្យកាន់តែល្អប្រសើរ។
ភាគីទាំងពីរ បានប្តេជ្ញាបន្តកិច្ចសហការគ្នា កាន់តែរឹងមាំថែមទៀត ជាពិសេសនៅក្នុងបរិបទនៃជំងឺកូវីដ១៩ ដែលរដ្ឋាភិបាលទាំងពីរគឺសុទ្ធតែបានទប់ស្កាត់ និងដោះស្រាយបានយ៉ាងល្អ និងទាន់ពេលវេលា។ ទន្ទឹមនេះ ភាគីសិង្ហបុរី ក៏បានអំណរគុណដល់រដ្ឋាភិបាលកម្ពុជាផងដែរ ដែលបានទប់ស្កាត់បានយ៉ាងល្អ ជាផ្នែកមួយអំណោយផលដល់អ្នកវិនិយោគសិង្ហបុរីឲ្យមានដំណើរការអាជីវកម្មរបស់ខ្លួនជាប្រក្រតីឡើងវិញហើយកម្ពុជាក៏បានអរគុណដល់រដ្ឋាភិបាលសិង្ហបុរីដែលបានការពារពលករកម្ពុជាដែលកំពុងបម្រើការនៅទីនោះដូចជនជាតិសិង្ហបុរីដូចគ្នា ។
ជាមួយគ្នានេះ លោកទូត ក៏បានកោតសរសើរដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានថ្នាក់ដឹកនាំមួយរូបគឺលោក ហេង សួរ ត្រូវបាន ជ្រើសតាំងជាទីប្រឹក្សាពិគ្រោះយោបល់ នៃមជ្ឈមណ្ឌលថ្នាក់តំបន់ដើម្បីអនាគតនៃការងារ សម្រាប់អណត្តិពីរឆ្នាំ ពីខែកញ្ញា ឆ្នាំ២០២០ ដល់ខែសីហា ឆ្នាំ២០២២ ដើម្បីចូលរួមចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងដែលមានគុណតម្លៃបន្ថែមសម្រាប់ការអភិវឌ្ឍវិស័យការងារ ជាពិសេសផ្នែកសុវត្ថិភាព និងសុខភាពការងារនេះតែម្តង ។
លោក ម៉ាយឃើល តាន បានបញ្ជាក់ពីការទទួលយកសំណើទាំងឡាយរបស់លោក អ៊ិត សំហេង យកទៅជម្រាបជូនដល់រដ្ឋាភិបាលសិង្ហបុរី ដើម្បីពិចារណា និងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែល្អប្រសើរទៀត៕