ភ្នំពេញ៖ ក្រុមមន្ត្រី អតីតគណបក្សសង្រ្គោះជាតិ ដែលជាដៃជើង របស់លោក សម រង្ស៊ី ចំនួន១២នាក់ ដែលកំពុងរស់នៅនិរទេសនាក្រៅប្រទេស បានដាក់សំណើរ ទៅកាន់ស្ថានទូតខ្មែរ ប្រចាំនៅសហរដ្ឋអាមេរិក ដើម្បីសុំមកក្រសួងមហាផ្ទៃកម្ពុជា ផ្តល់សុពលភាពលិខិតឆ្លងដែន ដល់ថ្នាក់ដឹកនាំរបស់ខ្លួនចំនួន ១២រូបឡើងវិញ។
សំណើរបស់ ក្រុម ប្រឆាំង ត្រូវ បាន យកទៅដាក់នៅស្ថានទូតកម្ពុជាប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០។
មជ្ឈដ្ឋាន នានា បានលើកឡើងថា ក្រុមប្រឆាំងបានប្រកាស មិនទទួលស្គាល់លទ្ធផលបោះឆ្នោត កាលពីឆ្នាំ ២០១៨ មិនទទួល ស្គាល់ រាជរដ្ឋាភិបាល ទីក្រុងភ្នំពេញ ចាត់ទុករាជរដ្ឋាភិបាលកម្ពុជា ជា រដ្ឋាភិបាលខុសច្បាប់ និងអំពាវនាវ ឱ្យអាមេរិក អឺរ៉ុប និងក្រុមប្រទេស លោកខាងលិច ផ្ដាច់ជំនួយ ជាបន្តបន្ទាប់នោះ ចុះពេលនេះហេតុអ្វី បានជាពួកគេ មកស្នើសុំ ឱ្យក្រសួងមហាផ្ទៃកម្ពុជា ផ្ដល់ សុពលភាព លិខិតឆ្លងដែនទៅវិញ ។
មជ្ឈដ្ឋាននានា បានសង្កត់ធ្ងន់ថា បើជ្រុលជាក្រុមប្រឆាំង មិនទទួលស្គាល់រាជរដ្ឋាភិបាល ទីក្រុង ភ្នំពេញទៅ ហើយនោះគួរតែមិន ទទួលស្គាល់ រហូតតែម្ដងទៅ កុំមកសុំ សុពលភាព លិខិត ឆ្លងដែន ឡើងវិញ ធ្វើអ្វីបន្តរស់នៅក្រៅទៀតតែម្ដងទៅ ។
សូមរំលឹកថា អតីតមន្ត្រីជាន់ខ្ពស់ អតីតគណបក្សសង្គ្រោះជាតិ ចំនួន១២រូប ត្រូវបានក្រសួងការបរទេសកម្ពុជា បញ្ចប់សុពលភាពលិខិតឆ្លងដែន តាមរយៈលិខិតចុះនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយផ្ញើទៅកាន់ស្ថានទូតនានា ក្នុងរាជធានីភ្នំពេញ៕ ដោយ៖ សយ សុភាព