កំពង់ចាម ៖ លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្តកំពង់ចាម ដឹកនាំដោយ លោក អ៊ុន ចាន់ដា នារសៀលថ្ងៃទី២៣ ខែវិច្ឆិកាឆ្នាំ ២០២០ នេះ បានអញ្ជើញចុះពិនិត្យ ការស្ដារឡើងវិញនូវដំណាំស្រូវ របស់ប្រជាពលរដ្ឋ ក្នុងស្រុកជើងព្រៃ និងស្រុកព្រៃឈរ ក្រោយពីបានទទួលស្រូវពូជ ជាអំណោយរបស់សម្ដេច ហ៊ុន សែន ។
តាមមន្ត្រីរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ជំនន់ទឹកភ្លៀងកន្លងទៅ ប៉ះពាល់ដល់ ០៩ស្រុក ១ក្រុង ស្មើនឹង ៥០ឃុំ-សង្កាត់ (ក្រុងកំពង់ចាម ស្រុកកំពង់សៀម ស្ទឹងត្រង់ ចំការលើ បាធាយ ជើងព្រៃ ព្រៃឈរ កងមាស និងស្រុកស្រីសន្ធរ) ប៉ះពាល់លិចដំណាំស្រូវ ចំនួន ២.៩០៤ហិកតា ក្នុងនោះខូចខាត ១.៩៦៧ហិចតា។
ប៉ុន្តែតាមរយៈប្រព័ន្ធស្បៀងបំរុងកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ពូជស្រូវជូនប្រជាកសិករ ដែលរងនូវការខូចខាតដោយជំនន់ទឹកភ្លៀងទាំង៣.២០០គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានពូជស្រូវចំនួន ១០០គីឡូក្រាម សម្រាប់ធ្វើការដាំដុះស្ដារឡើងវិញ នូវដំណាំស្រូវដែលបានទទួលរងការខូចខាតនាពេលកន្លងទៅ។
មន្ត្រីដដែលឲ្យដឹងទៀតថា ប្រជាកសិករដែលទទួលបានពូជស្រូវ ជាអំណោយដ៏ថ្លៃថ្លាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាប់ផ្ដើមអនុវត្តការងារបង្កបង្កើនផលស្ដារឡើងវិញ ជាលទ្ធផលគិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ផ្ទៃដីដែលរងការខូចខាត ចំនួន ១.៩៦៧ហិចតា បានស្តារឡើងវិញចំនួន ១.៧០២ ហិចតា ស្មើនឹង ៨៦ភាគរយ ក្នុងនោះ ស្រុកកំពង់សៀម បានស្ដារឡើងវិញចំនួន១១០ហិចតា ស្មើ១០០ភាគរយ ស្រុកស្ទឹងត្រង់ បានស្តារឡើងវិញចំនួន ៥៨៣ហិចតា ស្មើ៧២ភាគរយ ស្រុកបាធាយ បានឡើងវិញចំនួន ៥៧៨ហិចតា ស្នើនឹង ១០០ភាគរយ ស្រុកព្រៃឈរ បានស្ដារឡើងវិញចំនួន ១០៨ហិចតា ស្មើ៧០ភាគរយ ស្រុកជើងព្រៃ បានស្ដារឡើងវិញចំនួន ១៤៣ហិចតា ស្មើ៤៤ភាគរយ៕