ព័ត៌មានជាតិ

អ្នកភូមិ ប្រទះឃើញហ្វូងដំរីព្រៃ នៅក្នុងដែនជម្រក សត្វព្រៃកែវសីមា

ភ្នំពេញ ៖ អ្នកភូមិពូចារ នៅខេត្តមណ្ឌលគិរី បានប្រទះឃើញដំរីព្រៃមួយហ្វូង ខណៈដែលពួកគាត់ កំពុង ប្រមូលអនុផលព្រៃឈើ នៅក្នុងភាគខាងត្បូង នៃដែនជម្រកសត្វព្រៃកែវសីមា កាលពីចុងខែតុលា កន្លងទៅ។នៅពេលបានឃើញហ្វូងដំរីទាំងនោះភ្លាម ពួកគាត់បានប្រញាប់ប្រញាល់រត់ឡើងលើ ដើមឈើ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ WCS នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងខណៈ នោះដែរ លោក ពឿន កឿន ជាអ្នកភូមិម្នាក់ក្នុង ក្រុមនោះដែរ បានយកទូរស័ព្ទឆ្លាតវៃរបស់គាត់ ថតសកម្មភាពសត្វដំរីទាំងនេះ កំពុងស៊ីឫស្សី និងដើរឆ្លងកាត់ក្រោមដើមឈើដែល ពួកគាត់កំពុងលាក់ខ្លួន។

ក្នុងហ្វូងនោះមានដំរីតូចធំយ៉ាងតិច ១៤ក្បាល និងទំនងជាមានសុខភាពល្អ។ តាមធម្មតា ហ្វូងដំរីនីមួយៗ ដឹកនាំដោយដំរីញីដែលចាស់ជាងគេ ហើយក្នុងហ្វូងនោះមានញាតិសណ្តាន ព្រមទាំងកូនចៅរបស់មេហ្វូង។ ទោះបីជាគេកម្រឃើញសត្វដំរីទាំងនេះក្តី មានការប៉ាន់ ប្រមាណថា មានដំរីប្រហែល ១០០ក្បាលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា ហើយ ការបានឃើញហ្វូងដំរីដ៏ធំ មានសុខភាពល្អ មានកូនមានចៅច្រើនដូចនេះ គឺជាករណីកម្រ ណាស់។

ប្រភពដដែល បញ្ជាក់ថា ដំរីនៅទូទាំងប្រទេសកម្ពុជាកំពុងទទួលរងការគំរាមកំហែង ដោយសារការបាត់បង់ទីជម្រករបស់ពួកវា ដែលបណ្តាលមកពីមានការកាប់រានព្រៃខុសច្បាប់ យកដីធ្វើកសិកម្មនៅក្នុងតំបន់ការពារ ធម្មជាតិ។ ក៏ប៉ុន្តែ ប្រជាសហគមន៍ដែលបានដាំដុះដំណាំលើអតីតតំបន់ដែលជាទីជម្រករបស់ ដំរីទាំងនេះ មិនសប្បាយចិត្តនិងរអ៊ូរទាំថា សត្វដំរីទាំងនេះតែងតែមកស៊ីបំផ្លាញដំណាំរបស់ពួក គាត់ជារឿយៗ៕

To Top