ព័ត៌មានជាតិ

ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវការថវិកា៩១លានដុល្លារ ជួសជុលផ្លូវរងការខូចខាត ដោយជំនន់ទឹកភ្លៀង

ភ្នំពេញ ៖ លោក ចាន់ ជារ៉ុន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងអភិវឌ្ឍន៍ជនបទ បានអះអាងថា ក្រសួងត្រូវការថវិកាប្រមាណជា៩១លានដុល្លារ ដើម្បីជួសជុលនិងស្ដារឡើងវិញ នូវផ្លូវដែលរងផលប៉ះពាល់ខូចខាត ដោយសារជំនន់ទឹកភ្លៀង នៅទូទាំងប្រទេស។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីយុទ្ធសាស្រ្តកែលម្អការ ខូចខាតរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ក្នុងវិស័យអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោកចាន់ ជារ៉ុន បានថ្លែងថា ក្រសួងបានវាយតម្លៃ រួចហើយ ដោយលើកទីបីនេះបង្ហាញឃើញផ្លូវ ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង នៅទូទាំងប្រទេសសរុបចំនួន ៣១៥៤.៤២គីឡូម៉ែត្រការ៉េ។

លោកបន្តថា “យើងក៏បានធ្វើការប៉ាន់ស្មាន ថវិកាតម្រូវការដែរ ថាតើទំហំនៃការខូចខាតផ្លូវទាំងអស់ហ្នឹង ទាំង៣១៥៤.៤២គីឡូម៉ែត្រហ្នឹង!យើងត្រូវការថវិកា ប៉ុន្មាន? ជាបឋមការប៉ាន់ស្មាន គឺយើងត្រូវការថវិកា ប្រមាណជា៩១លានដុល្លារសហរដ្ឋអាមេរិក នេះគឺសរុបទាំងអស់”។

ក្នុងឱកាសនោះ លោកបញ្ជាក់ថា មិនទាន់កំណត់ត្រូវការដៃគូសហការណាមកជួយនោះទេ តែក្រសួងគ្រាន់តែធ្វើការកំណត់នូវចំនួនទឹកប្រាក់សិនប៉ុណ្ណោះ។

លោកបន្ថែមថា មកដល់ពេលនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្រេចផ្ដល់ថវិកា ប្រមាណជា១៥លាន ដុល្លារ ដល់ក្រសួងអភិវឌ្ឍន៍ជនបទ រួចហើយ ដើម្បីធ្វើការដោះស្រាយការជួសជុលផ្លូវដែលរងការខូចខាត នេះផងដែរ។

បើតាមលោករដ្ឋលេខាធិការ ចំពោះខេត្តរងផល ប៉ះពាល់ខូចខាតផ្លូវធ្ងន់ជាងគេចំនួន៩ខេត្ត រួមមាន ៖ ខេត្តបន្ទាយមានជ័យ ,ពោធិ៍សាត់,បាត់ដំបង,កំពង់ស្ពឺ,សៀម រាប,ប៉ៃលិន,កណ្ដាល,កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ ។ នៅក្នុងចំណោមខេត្តទាំង៩នេះ មានខេត្ត៣ ដែលមានអាទិភាពធ្វើផ្លូវមុនគេ រួមមាន៖ខេត្ត បន្ទាយមានជ័យ ,ពោធិ៍សាត់ និងបាត់ដំបង ។

លោកបន្ថែមថា គិតមកដល់ពេលនេះ ក្រសួងធ្វើផ្លូវសម្រេចបានចំនួន១១៤,៥៥គីឡូម៉ែត្រ។

លើសពីនេះទៀត ទាក់ទងជាមួយ អណ្ដូងទឹក ប្រើប្រាស់របស់ប្រជាពលរដ្ឋវិញ លោកបញ្ជាក់ថា គិតមកដល់ពេលនេះ មានអណ្ដូងទឹកចំនួន ៤១៥៥អណ្ដូង ដែលរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀង ដែលត្រូវការថវិកាប្រមាណជា៩០ម៉ឺនដុល្លារ ដើម្បីធ្វើការស្ដារនិងជួសជុលឡើងវិញ ៕ ដោយ៖ធី លីថូ

To Top