ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានប្រាប់វេទិកាអាស៊ាន ចិនថា កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេស អាស៊ាន ដែលគ្រប់គ្រងទប់ស្កាត់ និងឆ្លើយតបការរីករាលដាលជំងឺកូវីដ-១៩ ទទួលបានជោគជ័យ ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។ នេះបើយោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ។
ក្នុងវេទិកាអាស៊ានចិន លើកទី៣ ស្តីពី «កិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល» តាមរយៈប្រព័ន្ធវីដេអូសន្និសីទ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ម៉ម ប៊ុនហេង បានថ្លែងថា ការប្តេជាចិត្តផ្នែកនយោបាយ និងភាពជាអ្នកដឹកនាំ របស់រាជរដ្ឋាភិបាល ដែលត្រូវបានទទួលស្គាល់ថា ជាប្រទេសតូចតែមានបេះដូង ទូលាយ ការគ្រប់គ្រងព្រឹត្តិការណ៍ ទទួលឲ្យនាវាទេសចរណ៍ វ៉ែស្ទ័រដាម (Westerdam Cruise Ship) ចូលចតនៅកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២០ បាន ជោគជ័យ ជាភ័ស្តុតាងយ៉ាងច្បាស់ បានបង្ហាញពីសកម្មភាព មនុស្សធម៌ និងការគោរពសិទ្ធិមនុស្ស ព្រមទាំងការសាមគ្គី ភាពអន្តរជាតិរបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលត្រូវបានគេទទួលស្គាល់ជាសកល ជាពិសេ ស អង្គការសុខភាពពិភពលោក ។
លោកបន្ដថា ថ្មីៗនេះ ភាពលេចធ្លោនៃស្នាដៃគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីត-១៩ នៅកម្ពុជាត្រូវបានកត់សម្គាល់ ដោយការិយាល័យចក្ខុវិស័យសេដ្ឋកិច្ច (Bureau de Prospective Economique) តាមរយៈការវាស់វែង និងប្រៀប ធៀបនូវសន្ទស្សន៍ នៃការគ្រប់គ្រងស្ថានភាព រាលដាលជំងឺកូវីដ-១៩ ក្នុងចំណោមប្រទេសចំនួន១៦៦ នៅលើពិភព លោក កម្ពុជាបានទទួលបានចំណាត់ថ្នាក់លេខ៣ ។ ដោយប្រើសន្ទស្សន៍ដដែល បើប្រៀបធៀប តែក្នុងទ្វីបអាស៊ី ព្រះរាជាណាចក្រកម្ពុជា បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងការគ្រប់គ្រងស្ថានភាព នៃការរាលដាលនៃជំងឺកូវីដ-១៩ ។
លោកបញ្ជាក់យ៉ាងដូច្នេះ ថា «កម្ពុជា គឺជាប្រទេសមួយ ក្នុងចំណោមប្រទេសអាស៊ាន ដែលគ្រប់គ្រងទប់ស្កាត់ និងឆ្លើយ តបការរីករាលដាលជំងឺកូវីដ-១៩ បានជោគជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានដឹកនាំផ្ទាល់គណៈកម្មាការជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងមានគណៈកម្មការអន្តរក្រសួង ព្រមទាំងគណៈកម្មការថ្នាក់ក្រោមជាតិ ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាសេនាធិការ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្លើយតប ដឹកនាំ និងសម្របសម្រួលអនុវត្តវិធានការនានា នៅទូទាំងរាជរដ្ឋាភិបាល និងសង្គមទាំងមូល ដូចជាការពិនិត្យសុខភាពអ្នកឆ្លងកាត់ព្រំដែន ការធ្វើចត្តាឡីស័កបានត្រឹមត្រូវ ការតាមដានអ្នកដែល ពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល អន្តរាគមន៍មិនមែនឱសថ កាត់បន្ថយហានិភ័យសុខភាពសាធារណៈ គាំទ្រវិធានការ អប់រំសុខភាពដល់សហគមន៍ កាត់បន្ថយផលប៉ះពាល់ដល់សង្គម និងសេដ្ឋកិច្ច ក៏ដូចជា គាំទ្រដល់ការបន្តសកម្មភាព សេដ្ឋកិច្ច»។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាលលើកឡើងថា ការវិនិយោគកន្លងមកក្នុងការត្រៀមបម្រុង និងលទ្ធផលប្រព័ន្ធសន្តិសុខ សុខភាព។ ក្រុមឆ្លើយតបរហ័សរបស់ប្រទេសកម្ពុជា ត្រូវបានបង្កើតឡើង។ ការបណ្តុះបណ្តាលដល់មន្រ្តីសុខាភិបាល ផ្នែកការគ្រប់គ្រង ការថែទាំ និងបង្ការការឆ្លង ដែលបានក្លាយជាកម្លាំងពលកម្មសុខភាពសាធារណៈ ស្នូលសម្រាប់ឆ្លើយតបនឹងជំងឺកូវីដ-១៩ របស់ប្រទេសកម្ពុជា។
លោករដ្ឋមន្រ្តី បានសង្គត់ធ្ងន់ថា ប្រទេសកម្ពុជាគាំទ្រយ៉ាងពេញទំហឹង ចំពោះភាព ជាអ្នកដឹកនាំ គ្រប់គ្រង ទប់ស្កាត់និងឆ្លើយតបបានទាន់ ពេលវេលារបស់គណៈកម្មាធិការ សុខាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងការសម្រប សម្រួល របស់អង្គការសុខភាពពិភពលោក ក្នុងការឆ្លើយតបជាសកលទៅនឹងជំងឺកូវីដ-១៩ ក៏ដូចជាការចូលរួម របស់ប្រទេស សមាជិកអាស៊ានទាំងអស់ ដែលបានសហការចូលរួមប្រយុទ្ធនឹងជំងឺកូវីដ-១៩ ។
សូមរំលឹកថា គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន៣០៦នាក់ ក្នុងនោះ អ្នកព្យាបាលជាសះស្បើយ ចំនួន២៩៦នាក់ និងកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន១០នាក់ ៕
ដោយ ៖ អេង ប៊ូឆេង