ព័ត៌មានជាតិ

នាយករដ្ឋមន្រ្តី ផ្ញើសារអបអរសាទរ ខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំ របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារអបអរសាទរខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំ របស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ខណៈ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ គឺជាខួបទី១៥ឆ្នាំ ដែលល្ខោនស្រមោលស្បែកធំរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់អង្គការយូណេស្កូ។

តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គម ហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងបន្ថែមថា សិល្បៈល្ខោនស្បែកធំ មានប្រវត្តិ និងអាយុកាលជាយូរលង់ណាស់មកហើយ លើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានសកលលោក ទទួលស្គាល់និងឲ្យតម្លៃថា ជាសម្បត្តិមនុស្សជាតិដ៏អស្ចារ្យ និងបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក ខាងបេតិកភណ្ឌបញ្ចេញសំឡេង និងអរូបីយ៍របស់មនុស្សជាតិ ក្នុងឆ្នាំ២០០៥ របស់អង្គការយូណេស្កូ ទៀតផង ដែលនេះ ជាមោទនភាពជាតិមួយ ដ៏ត្រចះត្រចង់មិនអាចកាត់ថ្លៃបាន។

ល្ខោនស្បែកធំ អាចត្រូវបានគេហៅឈ្មោះ ម្យ៉ាងទៀតថា «ណាំងស្បែកធំ» ហើយវាជាសិល្បៈស្រមោលមួយបែប ដែលប្រើប្រាស់ផ្ទាំងរូបឆ្លាក់ពីស្បែក មកសម្តែងជាឈុតឆាកសាច់រឿង ហើយរូបឆ្លាក់ពីស្បែកទាំងនោះត្រូវគេដាប់ និងឆ្លាក់ជារូបអាទិទេព ដែលភាគច្រើនជារឿងបែបព្រហ្មណ៍សាសនា។ ល្ខោនស្បែកធំ គឺជាសិល្បៈមួយ មានប្រវត្តិនៅពេលព្រហ្ម សាសនាចូលមកទឹកដីខ្មែរ។ កាលពីដើមឡើយ សិល្បៈប្រភេទនេះ ត្រូវបានគេឃើញសម្តែងក្នុងពិធីតែពីរ ឬបីប៉ុណ្ណោះក្នុងមួយឆ្នាំ ហើយកម្រសម្តែងជាសាធារណៈណាស់។ ពិធីទាំងនោះ មានដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រ និងពិធីគ្រងរាជ្យ ឬក្នុងពិធីសក្ការៈ របស់ឥស្សរជនល្បីៗ ។កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប៕

https://www.facebook.com/dapnewsfb/videos/853942812047439

To Top