ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ត្រៀមផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យមួយចំនួន ជូនប្រទេសទីម័រខាងកើត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានត្រៀមលក្ខណៈផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យមួយចំនួន ទៅកាន់ប្រទេសទីម័រខាងកើត ។

ក្នុងពិធីជួបសំណេះសំណាល ជាមួយសមាជិកក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្ត សម្តេចតេជោសែនចំនួន ១៥៣នាក់ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកពីការចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍៣វិច្ឆិកា ដែលកាលពីថ្ងៃទី២៣ វិច្ឆិកា កន្លងទៅនេះយើងបាន បញ្ចប់រួចរាល់ហើយតាម បណ្តាខេត្តមួយចំនួននោះ។

សម្តេចតេជោ បានអរគុណចំពោះការចូលរួម របស់អ្នកពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ ៣វិច្ឆិកាទាំងអស់ ដែលបានចូលរួមធ្វើចាត្ថាឡីស័កគ្រប់ៗគ្នា ហើយសម្តេចតេជោ ក៏បន្តអំពាវនាវឱ្យគោរពវិធានការ ការពារជំងឺកូវីដ១៩ និងត្រូវរស់តាមគន្លងកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចមិនខ្វល់ការរិះគន់ សម្តេចផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យទៅកាន់ប្រទេសឡាវ និងមីយ៉ាន់ម៉ានោះទេ ។ សម្តេចថា នេះជាការចូលរួមជួយដល់មនុស្សជាតិ និងប្រទេសជាមិត្ត។

សម្តេចតេជោ បញ្ជាក់ថា «ខ្ញុំក៏ត្រៀមលក្ខណៈផ្តល់ជំនួយម៉ាស់ និងបរិក្ខារពេទ្យមួយចំនួនទៅកាន់ ប្រទេសទីម័រខាងកើតផងដែរ។ កម្ពុជាមិនមែនធ្វើមនុស្សធម៌ត្រឹមម៉ាស់ និងបរិក្ខារពេទ្យនោះទេ តែកម្ពុជាបានធ្វើសកម្មភាពមនុស្សធម៌ទាំងសាច់ និងឈាម តាមរយៈបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិទៀតផង។ កម្ពុជាប្រទេសក្រ តូចល្អិត តែមានបេះដូងមនុស្សធម៌ធំ មិនតូចនោះឡើយ» ។

សម្តេចតេជោ លើកឡើងថា ឆ្នាំនេះយើងឆ្លងកាត់ការលំបាកជាច្រើន ទាំងកូវីដ១៩ ទាំងទឹកជំនន់ និងព្រឹត្តិការណ៍៣វិច្ឆិកា ដែលធ្វើអោយសេដ្ឋកិច្ច យើងជួបនូវភាពអវិជ្ជមាន តែទំហំនៃការនាំចេញរបស់យើង គឺមានការកើនឡើង ១៨% ៕

To Top