ព័ត៌មានជាតិ

លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៧ និងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយដៃគូអភិ វឌ្ឍន៍ លើកទី២៥

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គ កម្ពុជា និងជាសមាជិកក្រុមប្រឹក្សាគណៈកម្មការទន្លេមេគង្គ (MRC) តំណាងកម្ពុជា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចូលរួមកិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៧ និងកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយដៃគូអភិវឌ្ឍន៍ លើកទី២៥ ដែល រៀបចំធ្វើតាមប្រព័ន្ធវីដេអូ ។

សូជម្រាបថា កិច្ចនាពេលនេះ មានការចូលរួមពីសមាជិកក្រុមប្រឹក្សា MRC ថ្នាក់រដ្ឋមន្រ្តីនៃប្រទេសជាសមាជិក MRC ចំនួន៣ផ្សេងទៀត រួមមាន ៖ ឡាវ ថៃ និងវៀតណាម តំណាងនៃប្រទេសដៃគូអភិវឌ្ឍន៍ ប្រទេសដៃគូសន្ទនា (ចិន មីយ៉ាន់ម៉ា) និងអង្គការតំបន់ និងអន្តរជាតិពាក់ព័ន្ធ ព្រមទាំងមន្រ្តីនៃលេខាធិការដ្ឋាន MRC សរុបចំនួន១៥៧រូប។

ជាងនេះទៅទៀត កិច្ចប្រជុំខាងលើ បានពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការតំបន់, ការអនុវត្តនីតិវិធី ស្តីពីការគ្រប់គ្រងការប្រើប្រាស់ទឹក, ស្ថានភាពជលសាស្រ្តក្នុងអាងទន្លេមេគង្គក្រោម, ការពិនិត្យតាមដានទន្លេ និងកិច្ច ការពាក់ព័ន្ធសំខាន់ផ្សេងទៀត ។ កិច្ចប្រជុំ ក៏បានពិនិត្យ អនុម័តឯកសារសំខាន់ៗមួយចំនួនរបស់ MRC ដូចជា ៖ យុទ្ធសាស្រ្តអភិវឌ្ឍន៍អាង ឆ្នាំ២០២១-២០៣០ និងផែនការយុទ្ធសាស្រ្ត ឆ្នាំ២០២១-២០២៥, យុទ្ធសាស្រ្តគ្រប់គ្រង បរិស្ថាន, ផែនការមេផ្នែកនាវាចរណ៍, ផែនការការងារ MRC សម្រាប់ឆ្នាំ២០២០-២០២១ និងលក្ខន្តិកៈការងារសម្រាប់ ប៉ុស្តនាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ដែលនឹងជ្រើសរើសចេញពីប្រទេសឡាវ សម្រាប់ អណត្តិ៣ឆ្នាំបន្ត ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤ ។

បន្ថែមពីនេះទៀត ឯកសារយុទ្ធសាស្រ្ត ក៏ដូចជាផែនការការងារដែលបានអនុម័តដោយក្រុមប្រប្រឹក្សានាពេលនេះ គឺបានកំណត់នូវអាទិភាព និងសកម្មភាពជាយុទ្ធសាស្រ្ត ដែល MRC ត្រូវអនុវត្តដើម្បីបន្តលើកកម្ពស់កិច្ចខិតខំ ប្រឹងប្រែងរួមគ្នា ក៏ដូចជាកិច្ចសហប្រតិបត្តិការតំបន់ឲ្យបានកាន់តែរឹងមំា និងប្រសើរថែមទៀត ដើម្បីគិតគូរដោះស្រាយ បញ្ហាប្រឈមនានាឲ្យមានប្រសិទ្ធភាព និងដើម្បីការអភិវឌ្ឍប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ។

សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សា MRC លើកទី២៧នេះ គឺបានដឹកនាំដោយលោក Sommad Pholsena រដ្ឋមន្រ្តីក្រសួងធនធានធម្មជាតិ និងបរិស្ថាន ជាសមាជិកក្រុមប្រឹក្សា MRC តំណាងប្រទេសឡាវ ដែលទទួលវេនជាប្រធានក្រុមប្រឹក្សា MRC សម្រាប់ឆ្នាំ ២០២០៕

To Top