ភ្នំពេញ ៖ ទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage) ដែលបើកទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ ដោយចំហរ និងបង្ហោះពេញបណ្ដាញសង្គម Facebook ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ សហការជាមួយ ម្លាំងនគរបាលការិយាល័យប្រឆាំង ការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកបិទទីតាំងម៉ាស្សានេះ និងឃាត់ខ្លួនបុរសម្នាក់ ដែលជាសន្ដិសុខ ទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ។
លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ ដែលបានដឹកកម្លាំងចុះបិទនៅ រសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចទីតាំងម៉ាស្សាយីហោ ដាយម៉ិន (Diamond Massage)ចំណុចផ្ទះលេខ៤៨C ផ្លូវលេខ២២២ មូលដ្ឋានសង្កាត់ បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកអភិបាល បានបញ្ជាក់ទៀតថា នៅពេលកម្លាំងជំនាញចុះទៅដល់ទីតាំងម៉ាស្សានេះ មិនបានបើកទ្វារនោះទេ ពោលបិទទ្វារចាក់សោ ដោយមានតែសន្ដិសុខម្នាក់ប៉ុណ្ណោះនៅយាម។ លោកថា ដោយមានការឯកភាពពីតំណាងអយ្យការ កម្លាំងសមត្ថកិច្ចបានសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្ន និងហៅសន្តសុខរូបនេះទៅសួរនាំបន្តទៀត ៕