ភ្នំពេញ ៖ នាល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោហ៊ុន សែន បានសម្រេចផ្តល់ម៉ាស ចំនួន១លាន៥ម៉ឺន និងសម្ភារបរិក្ខាពេទ្យ មួយចំនួនទៀត ជូនដល់ប្រទេសទីម័រលេស្ត ដើម្បីចូលរួមប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ។ នេះបើយោង តាមទូរទស្សន៍ជាតិកម្ពុជា ។
ក្នុងចំណោមម៉ាស១លាន៥ម៉ឺននោះ មានម៉ាស់ធម្មតាចំនួន១លាន និងម៉ាសក្រណាត់ចំនួន៥ម៉ឺន រួមទាំងសម្ភារបរិក្ខាមួយ ចំនួនទៀតផងដែរ។អំណោយទាំងនេះ នឹងត្រូវដឹកជញ្ជូន តាមយន្តហោះទៅកាន់ ប្រទេសទីម័រលេស្ត នៅថ្ងៃទី២៩ ខែវិច្ឆិកាខាងមុខនេះ ។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា ទើបនឹងបានផ្តល់ម៉ាសចំនួនជាង២លាន និងសម្ភារពេទ្យមួយចំនួនដល់ប្រទេសឡាវ និងផ្តល់ម៉ាសចំនួន២លាន និងសម្ភារពេទ្យមួយចំនួនទៀត ដល់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕