ភ្នំពេញ៖ លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានផ្ញើសារលិខិតថ្លែងអំណរគុណជូនសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំពោះការផ្ដល់វិភាគទានសប្បុរសធម៌នូវ ម៉ាសចំនួន ២ លាន និងបរិក្ខាពេទ្យដទៃទៀត ដល់ប្រទេសមីយ៉ាន់ម៉ា។
ក្នុងសារលិខិតរបស់លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ផ្ញើជូនសម្តេចតេជោបានបញ្ជាក់ថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេច តេជោ ហ៊ុន សែនបានបញ្ជាក់ថា ការផ្ដល់ជំនួយដ៏មានតម្លៃ របស់ព្រះរាជាណាចក្រកម្ពុជា ដល់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ដែលកំពុងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នាពេលនេះ ពិតជាឆ្លុះបញ្ចាំងនូវ ចំណងមិត្តភាពពិតប្រាកដ ដែលព្រះរាជាណាចក្រកម្ពុជា មានចំពោះមីយ៉ាន់ម៉ា និងជាការជួយឧបត្ថម្ភ ដ៏ធំធេង ចំពោះយើងខ្ញុំ ក្នុងកាលៈទេសៈដ៏លំបាកនេះ។ បើទោះជាកំពុងជួបប្រទះការកើនឡើង ករណីកូវីដ១៩ នៅក្នុងប្រទេសមីយ៉ាន់ម៉ា យ៉ាងណាក៏ដោយ ក៏យើងខ្ញុំមានជំនឿជឿជាក់ យ៉ាងមុតមាំថា ដោយមានកម្លាំងរួមសាមគ្គី របស់ប្រជាជនយើងខ្ញុំ និងការឧបត្ថម្ភគាំទ្រ ដ៏ខ្លាំងក្លាពីដៃគូជាមិត្ត ដូចជា កម្ពុជា យើងខ្ញុំនឹងអាចជម្នះលើបញ្ហាប្រឈម និងងើបឡើងកាន់តែរឹងមាំ និងខ្លាំងក្លាថែមទៀត”។
ឆ្លៀតក្នុងឱកាសនេះ លោកស្រី សូមអបអរសាទរចំពោះ សម្ដេចតេជោហ៊ុនសែនក្នុងការគ្រប់គ្រងជំងឺកូវីដ១៩ ប្រកបដោយភាពជោគជ័យ នៅប្រទេសកម្ពុជា៕