ព័ត៌មានជាតិ

រដ្ឋបាលខេត្តកោះកុង បានរៀបចំការចាប់ឆ្នោត លេខដីឡូត៍ ក្បាលដី ជូនប្រជាពលរដ្ឋ៦៧គ្រួសារ ត្រូវបានដោះស្រាយ បញ្ចប់ទំនាស់ជាមួយក្រុមហ៊ុនចំការអំពៅ

កោះកុង : រដ្ឋបាលខេត្តកោះកុង បានរៀបចំចាប់លេខឆ្នោតក្បាលដីឡូត៍ ដើម្បីបញ្ចប់ផលប៉ះពាល់ទំនាស់ដីធ្លី រវាងប្រជាពលរដ្ឋ និងគម្រោងអភិវឌ្ឍស្ករអំពៅ ដែលមានទំនាស់រាំរៃរាប់ឆ្នាំមកហើយ ស្ថិតនៅភូមិជីខ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង នឹងត្រូវបានដោះស្រាយបញ្ចប់ជាស្ថាបពរ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមក្រោមវត្តមាន លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង លោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល រួមទាំងមន្ត្រីគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធមេភូមិមេឃុំ រួមទាំងប្រជាពលរដ្ឋផងដែរ។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានថ្លែងថា៖ ថ្ងៃនេះដោយអនុវត្តន៍ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងអន្តរក្រសួងជាសំណង របស់រាជរដ្ឋាភិបាល សងជូនពលរដ្ឋ ដែលមានផលប៉ះពាល់នោះ អាជ្ញាធរខេត្តបានរៀបចំ ចាប់លេខឆ្នោតក្បាលដីឡូត៍ ជូនប្រជាពលរដ្ឋ ដែលមានទំនាស់បញ្ហាដីធ្លី ជាមួយគម្រោងអភិវឌ្ឍចំការស្ករអំពៅ ដើម្បីដោះស្រាយបញ្ចប់ នៃការទំនាស់រវាងប្រជាពលរដ្ឋ និងក្រុមហ៊ុនចំការអំពៅ។

លោក សុខ សុទ្ធី បានថ្លែងបន្តថា៖ ពលរដ្ឋដែលមានទំនាស់ ជាមួយនិងក្រុមហ៊ុនចំការអំពៅ ដែលត្រូវបានបញ្ចប់នេះ គឺក្រុមទី៣លេខ៥៨៥ ស្ថិតនៅចំណុច(C) ចំនួន៦៨គ្រួសារ ចំនួនក្បាលដី ដែលត្រូវចាប់លេខឆ្នោត ក្បាលដីឡូត៍នោះ ចំនួន៦៨ឡូត៍ មានទំហំចំនួន២ហិកតា ហើយដីត្រូវបែងចែកជូនគាត់ ដើម្បីបញ្ចប់ទំនាស់ ក្នុងនោះក៏មានហេដ្ឋរចនាផ្លូវផងដែរ។

ក្នុងនោះប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លីដ៏រ៉ាំរៃ ជាមួយក្រុមហ៊ុនចំការអំពៅ រាជរដ្ឋាភិបាលសងជាសំណងអស់ហើយ មានចំណុច(A .B) ត្រូវដោះស្រាយបញ្ចប់ចំណុច (C) នេះ ជាស្ថាបពរនិងសន្តិភាព។

លោកបានបញ្ជាក់ថា៖ បើកាលយើង ធ្វើការចាប់លេខឆ្នោតក្បាលដីឡូត៍អស់ យើងនៅតែរង់ចាំប្រគល់ប័ណ្ណកម្មសិទ្ធិ ដែលចេញពីអន្តរក្រសួងជូនគាត់ ដើម្បីគាត់មានសិទ្ធិគ្រប់គ្រង និងបង្កើតកសិកម្ម ផលដំណាំចិញ្ចឹមគ្រួសារ។

ក្នុងឱកាសនោះ លោកអភិបាលរូបនោះ សូមធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋ ពេលមានប័ណ្ណកម្មសិទ្ធិដីធ្លី កាន់កាប់ស្របច្បាប់ហើយ សូមមេត្តាកុំលក់ដូចឲ្យសោះ ហើយក៏កុំកាប់ទន្រ្ទានដីព្រៃផ្សេងៗទៀត វានាំឲ្យមានបញ្ហាដល់ខ្លួន ក្នុងបទល្មើសខុសច្បាប់ មានទោសទាន់ គេចាប់ដាក់គុក នាំឲ្យមានវិប្បដិសារី។

ពលរដ្ឋដែលបានទទួលសំណង ពីរាជរដ្ឋាភិបាល ក្រោយពីចាប់លេខឆ្នោតក្បាលដីឡូត៍ ជាសំគាល់បានថ្លែង អំណរគុណដល់រាជរដ្ឋាភិបាល ដែលរកដំណោះស្រាយជូនពួកគាត់ និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនពួកគាត់ ឲ្យបានប្រើប្រាស់ស្របច្បាប់៕

To Top