ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននិងកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីត្រៀមបើកការដ្ឋានសាងសង់ផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។
យោងគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ព្រឹត្តិការណ៍ ៣វិច្ឆិកា ដែលបង្កឡើងដោយកូវីដ១៩បានពន្យារពេលការបើកការដ្ឋានសាងសង់ផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប។
សម្តេចតេជោ មានប្រសាសន៍ថា «ពេលនេះខ្ញុំកំពុងធ្វើដំណើរទៅកាន់ខេត្តសៀមរាបដើម្បីបើកការដ្ឋានសាងសង់នៅថ្ងៃ៣០វិច្ឆិកា២០២០ខានស្អែកនេះ»។
ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា ប្រមាណជាងមួយឆ្នាំទៀតក្រុងសៀមរាបនឹងមានផ្លូវល្អដែលសម្ដេចផ្តោតសំខាន់លើចំណុច៤គឺ គុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសោភណ័ភាពសម្រាប់ទីក្រុងទេសចរណ៍មួយនេះ។
សូមរំលឹកថា ការសាងសង់ផ្លូវទាំង៣៨ខ្សែ នៅក្រុងសៀមរាបនេះ ត្រូវបានបែងចែកជា៤ប្រភេទ ក្នុងនោះ ៖ ប្រភេទទី១-ចាក់បេតុងកម្រាស់ ២៥សង់ទីម៉ែត្រ ដូចជាផ្លូវវាងក្រុង ដោយកន្លែងខ្លះចាក់បេតុង តែមិនអ៊ុតបេតុងកៅស៊ូ(AC)ពីលើទេ ,ប្រភេទទី២-ចាក់បេតុងកម្រាស់ ២០សង់ទីម៉ែត្រ និងកន្លែងខ្លះកម្រាស់ ៧សង់ទីម៉ែត្រយោងទៅតាមស្ថានភាពភូមិសាស្ត្រ ស្ថានភាពចរាចរាណ៍ និងការដឹកជញ្ជូន ,ប្រភេទទី៣-ជួសជុលគ្រឹះ មិនចាំបាច់ចាក់បេតុង ហើយអ៊ុតកៅស៊ូបេតុងតែម្ដង និងប្រភេទទី៤- អ៊ុតកៅស៊ូបេតុងកម្រាស់ ១៥សង់ទីម៉ែត្រ ពីលើតែម្ដងដោយសារគ្រឹះផ្លូវនោះ នៅមានភាពរឹងមាំស្រាប់ទៅហើយ ៕
ដោយ អេង ប៊ូឆេង