ព័ត៌មានអន្តរជាតិ

គណៈរដ្ឋមន្រ្តីអ៊ីរស្រាអែល អនុម័តកិច្ចព្រមព្រៀង កិច្ចសហប្រតិបត្ដិការអាកាសចរណ៍ និងវិទ្យាសាស្រ្ត ជាមួយអេមីរ៉ាតអារ៉ាប់រួម

យេរ៉ូសាឡឹម៖ គណៈរដ្ឋមន្រ្តីអ៊ីស្រាអែល បានផ្តល់សច្ចាប័នកាលពីថ្ងៃអាទិត្យ នូវកិច្ចព្រមព្រៀងចំនួនពីរ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ និងវិទ្យាសាស្ត្រ ជាមួយអេមីរ៉ាតអារ៉ាប់រួម (UAE) បន្ទាប់ពីមានកិច្ចព្រមព្រៀងធម្មតាមួយ ដែលបានចុះហត្ថលេខានាពេលថ្មីៗនេះ។

រដ្ឋមន្រ្តីបានបោះឆ្នោត គាំទ្រកិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតការហោះហើរ ទៀងទាត់រវាងអ៊ីស្រាអែល និងអារ៉ាប់រួម និងកិច្ចព្រមព្រៀងមួយទៀត ដើម្បីជំរុញ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជឿនលឿន នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យនាយករដ្ឋមន្ត្រី។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រាប់ក្រុមរដ្ឋមន្រ្តី នៅពេលចាប់ផ្តើមកិច្ចប្រជុំ គណៈរដ្ឋមន្រ្តីប្រចាំសប្តាហ៍ថា “នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀត ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ហើយយើងនឹងបន្តអភិវឌ្ឍ ទំនាក់ទំនងជាមួយកិច្ចព្រមព្រៀងបន្ថែម ដែលយើងនឹងនាំមក”៕ ដោយ៖ ឈូក បូរ៉ា

To Top