ព័ត៌មានជាតិ

សម្ដេច ស ខេង អំពាវនាវមន្ដ្រីនគរបាល ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា រូតរះធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ-១៩

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវឲ្យ ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ចំណុះក្រសួងមហាផ្ទៃដែលបានប៉ះ ពាល់ដោយផ្ទាល់ ឬដោយប្រយោល ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ត្រូវរូតរះទៅធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ នៅតាមទីតាំងនានាដែលកំណត់ ដោយក្រសួងសុខាភិបាល។

យោងតាមលិខិតរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ចុះហត្ថលេខាដោយ សម្ដេច ស ខេង បានឲ្យដឹងថា ដើម្បីបន្តពង្រឹងការអនុវត្តវិធានការ នានាសំដៅប្រយុទ្ធប្រឆាំងនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃ ចេញបទបញ្ជាដល់ថ្នាក់ ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារចំណុះក្រសួងមហាផ្ទៃ រួមគ្នាប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ។

សម្ដេចបន្ដថា ក្រសួងមហាផ្ទៃ ពិនិត្យឃើញមានថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលបានប៉ះពាល់ដោយផ្ទាល់ ឬ ដោយប្រយោលក្នុងព្រឹត្តិការណ៍នេះ បានស្ម័គ្រចិត្តទៅធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ និងបានធ្វើចត្តាឡីស័ក តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់។

សម្ដេចបញ្ជាក់ថា «ថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ដែលបានប៉ះពាល់ដោយផ្ទាល់ ឬដោយប្រយោល ក្នុងព្រឹត្តិការណ៍ សហគមន៍ ២៨ វិច្ឆិកា ដែលមិនទាន់បានធ្វើរោគវិនិច្ឆ័យ រកវីរុស កូវីដ១៩ ត្រូវរូតរះទៅធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ នៅតាមទីតាំងនានាដែលកំណត់ដោយក្រសួងសុខាភិបាល ព្រមទាំងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត តាមការណែនាំរបស់ ក្រសួងសុខាភិបាល»។

សម្ដេចបន្ថែមថា ជាពិសេសមិនត្រូវដើរចេញក្រៅផ្ទះ ឬកន្លែងធ្វើចត្តាឡីស័ក ក្នុងអំឡុងពេលធ្វើចត្តាឡីស័កនេះ សំដៅទប់ស្កាត់ការចម្លងវីរុសដ៏កាចសាហាវនេះពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។សម្ដេចថា ចំពោះអ្នកដែលបានធ្វើរោគវិនិច្ឆ័យរកវីរុសកូវីដ១៩ លើកទី១ រួចហើយ ត្រូវធ្វើចត្តាឡីស័កឲ្យបាន ត្រឹមត្រូវ និងហ្មត់ចត់បំផុត តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវបន្តទៅធ្វើរោគវិនិច្ឆ័យរកវីរុសនេះជាបន្តបន្ទាប់ តាមកាលបរិច្ឆេទដែលកំណត់ដោយក្រសួងសុខាភិបាល៕ដោយ ៖ ប៊ូឆេង

To Top