បរទេស៖ យោងតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន របស់ប្រទេសកូរ៉េខាងត្បូងមួយ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ បានបដិសេធជំនួយចំណីអាហារ តាមរយៈកម្មវិធី ចំណីអាហារពិភពលោក របស់កូរ៉េខាងត្បូង។
កាសែត Donga Ilbo បានរាយការណ៍នៅថ្ងៃចន្ទថា ទីក្រុងព្យុងយ៉ាង ក្នុងពេលថ្មីៗនេះ បានបដិសេធការបរិច្ចាគអង្ករ ៥០.០០០តោន ដែលឧបត្ថម្ភដោយកូរ៉េខាងត្បូង ចំណែកក្រសួង បង្រួបបង្រួមកូរ៉េខាងត្បូង ក៏កំពុងតែគ្រោង ដកយកថ្លៃចំណាយនៃគម្រោង មានទំហំទឹកប្រាក់ ១១,៧៧លានដុល្លារនេះ ពីទីភ្នាក់ងារអង្គការសហប្រជាជាតិវិញ។
មន្ត្រីនាំពាក្យ ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង លោក Yoh Sang-key បានមានប្រសាសន៍ប្រាប់ នៅថ្ងៃចន្ទយ៉ាងដូច្នេះថា “តាមរយៈកម្មវិធី ចំណីអាហារពិភពលោក ទីក្រុងសេអ៊ូល បានធ្វើការបរិច្ចាគអង្ករ ៥០.០០០តោន។ មិនមានការផ្លាស់ប្តូរនោះទេ ក្នុងការឆ្លើយតប របស់ប្រទេសកូរ៉េខាងជើង”៕ ប្រែសម្រួល៖ប៉ាង កុង