ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ៖ ការធ្វើចត្តាឡីស័ក ១៤ថ្ងៃ គឺចាំបាច់ណាស់ និងអនុវត្តឲ្យត្រឹមត្រូវ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ថា ការធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួន១៤ថ្ងៃត្រឹមត្រូវ គឺមានភាព ចាំចាច់ណាស់ ព្រោះបុគ្គលខ្លះចេញរោគសញ្ញាវីរុស កូវីដ-១៩ រហូតដល់ ថ្ងៃទី១៣ ទើបរកឃើញវិរុសកូវីដ-១៩។

តាមរយៈសារសំឡេងរបស់ លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ថា «តាំងពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ យើងរកឃើញវីរុសកូវីដ-១៩ហ្នឹងថា ឆ្លងចេញរោគសញ្ញា ឬក៏មិនរោគសញ្ញាភាគច្រើន ខ្ញុំសូមបញ្ជាក់ថា ៦០ ទៅ៧០% នៃចំនួនហ្នឹងអត់មាន រោគសញ្ញាទេ។ប៉ុន្ដែយើងរកឃើញវីរុសនៅអំឡុង ថ្ងៃទី៣ ថ្ងៃទី៤ ហើយអ្នកខ្លះថ្ងៃទី៦ នៅក្នុងចន្លោះហ្នឹងឯង»។

លោកស្រីពន្យល់ថា ការវិវត្តន៍នៃសភាពការណ៍វីរុសកូវីដ-១៩ នៅលើសកលលោក អ្នកវិទ្យាសាស្ដ្របង្ហាញថា វីរុសកូវីដ -១៩ បានបំលែងខ្លួន នៅក្នុងខ្លួនមនុស្ស។ដូច្នេះសម្រាប់នៅកម្ពុជាក៏បានសង្កេតឃើញ ក្នុងដំណាក់កាលចុងក្រោយនេះ គឺការរកឃើញវីរុស កូវីដ-១៩ ទៅលើបុគ្គលដែលកើតជំងឺកូវីដ-១៩ អត់ ចេញរោគសញ្ញា រហូតដល់ថ្ងៃទី១៣ ទើបរកឃើញថា បុគ្គលនោះ មានវីរុសកូវីដ-១៩។

លោកស្រី ឱ វណ្ណឌីន បញ្ជាក់យ៉ាងដូច្នេះថា «ចឹងនេះជាការវិវត្តន៍មួយទៀត ដែលជាការបង្ហាញច្បាស់ថា តម្រូវការនៃ ការធ្វើចត្តាឡីស័កឲ្យបានគ្រប់ ១៤ថ្ងៃត្រឹមត្រូវ គឺចាំបាច់មែនទែន ហើយយើងត្រូវអនុវត្តវិធានការនេះឲ្យបានគ្រប់ៗ គ្នា»។

សូមរំលឹកថា គិតត្រឹមថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០នេះ នៅកម្ពុជារកឃើញអ្នកមានវីរុសកូវីដ-១៩ ចំនួន ៣២៩នាក់ ក្នុងនោះ ចំនួនអ្នកព្យាបាលជាសះស្បើយទូទាំងប្រទេស ចំនួន៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ២៥នាក់ ៕ ដោយ ៖ អេង ប៊ូឆេង

To Top