ព័ត៌មានអន្តរជាតិ

វិភាគ: អាមេរិក យឺតពេលហើយ ក្នុងការទប់ស្កាត់ចិន កុំអោយ ដណ្តើម ឥទ្ធិពល ពីខ្លួននៅតំបន់អាស៊ី

បច្ចុប្បន្នភាព
មូលនិធិក្រុមអឺរ៉ុប-អាស៊ី Eurasia Group Foundation (EGF) ដែលជាមូលនិធិ សិក្សាស្រាវជ្រាវពីតួនាទី របស់សហរដ្ឋអាមេរិក នៅលើពិភពលោក បានផ្សព្វផ្សាយរបាយការណ៍មួយ ស្តីអំពីកំណើនឥទ្ធិពល របស់ប្រទេសចិន នៅក្នុងតំបន់អាស៊ី គិតត្រឹមចុងឆ្នាំ២០២០នេះ ។

របាយការណ៍ EGF បានអោយដឹងថា នៅពេលបច្ចុប្បន្ននេះ សហរដ្ឋអាមេរិកស្ទើរតែយឺតពេល ទៅហើយ ក្នុងការទប់ស្កាត់ប្រទេសចិន កុំអោយដណ្តើមឥទ្ធិពល ពីខ្លួននៅក្នុងតំបន់អាស៊ី ទាំងខាងនយោបាយ យោធា និងពាណិជ្ជកម្ម ជាមួយប្រទេសក្នុងតំបន់ ។

EGF បានបន្ថែមថា ប្រទេសចិនហាក់ដូចជា មិនញញើតទេ ក្នុងការក្រោកឈរឡើង ប្រឆាំងនឹងសហរដ្ឋអាមេរិក ក្នុងការដណ្តើមយកឥទ្ធិពល ក្នុងតំបន់អាស៊ី ហើយនៅពេលខាងមុខ ប្រទេសចិនអាចដណ្តើម យកពិភពលោកទាំងមូល ពីសហរដ្ឋអាមេរិក ។

លោក អៀន ប្រេម័រ (Ian Bremmer) ប្រធានមូលនិធិក្រុមអឺរ៉ុប-អាស៊ី EGF បានធ្វើដំណើរទៅកាន់ប្រទេសវៀតណាម និងហ្វីលីពីន ដើម្បីស្វែងយល់ពីឥទ្ធិពល និងតួនាទីរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ (អាស៊ាន) ។

លោក អៀន ប្រេម័រ បាននិយាយថា មេដឹកនាំរបស់ប្រទេសចិន ចង់មានទំនាក់ទំនងល្អ រលូនជាមួយសហរដ្ឋអាមេរិក ប៉ុន្តែផ្អែកលើឫសគល់ដ៏ជ្រៅ នៃភាពតានតឹង នាពេលបច្ចុប្បន្ន រវាងប្រទេសទាំងពីរ ទំនាក់ទំនងអាចងាកទៅរក ភាពល្អប្រសើរ បាននៅថ្ងៃអនាគត ។

ក្នុងរយៈពេលជាង៣ទសវត្សរ៍ ចុងក្រោយនេះ សហរដ្ឋអាមេរិក ហាក់ដូចជាបំភ្លេច តំបន់អាស៊ី-អាគ្នេយ៍ រួមទាំងចិនផងដែរ ដោយសារតែតំបន់នេះ មានកំណើនសេដ្ឋកិច្ច លូតលាស់យឺត និងមិនមានឥទ្ធិពល ផ្នែកនយោបាយធំដំទេ ហើយប្រជាពលរដ្ឋ របស់ប្រទេសចិន មិនឧស្សាហ៍ព្យាយាម ដែលមិនអាចមានថ្ងៃ ទៅប្រកួតប្រជែង ជាមួយនឹងសហរដ្ឋអាមេរិក បានទេ ប៉ុន្តែនៅពេលបច្ចុប្បន្ននេះ ការគិតបែបនេះរបស់អាមេរិក ពិតជាខុសស្រឡះ ។

លោកស្រី ម៉ារា រ៉េសា (Maria Ressa) អ្នកជំនាញផ្នែកនយោបាយ នៅមូលនិធិក្រុមអឺរ៉ុប-អាស៊ី EGF បាននិយាយថា ការក្រោកឡើងប្រឆាំងប្រទេសចិន ដោយកំរោលពីសំណាក់ ប្រធានាធិបតី ជិតផុតអាណត្តិ របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញអោយឃើញកាន់តែ ច្បាស់ថា ការប្រឈមមុខរបស់ចិន ជាមួយអាមេរិកជារឿងមិនអាចចៀសផុត។

លោកស្រី ម៉ារា រ៉េសា បានបន្ថែមថា ដំណោះស្រាយរបស់សហរដ្ឋអាមេរិក នៅពេលខាងមុខ មានតែត្រូវធ្វើឱ្យប្រទេសខ្លួន កាន់តែខ្លាំង ហើយការរិះគន់លើប្រទេសចិន នឹងស្ងាត់បាត់ទៅវិញ ដោយភាពជោគជ័យរបស់ចិន ទៅថ្ងៃខាងមុខ ។
ពីអតីតកាល ប្រជាពលរដ្ឋចិន សាមញ្ញទូទៅ មិនដែលតាមដានការបោះឆ្នោត នៅអាមេរិកទេ ប៉ុន្តែនាពេលបច្ចុប្បន្ន ពលរដ្ឋចិនកាន់តែច្រើន បានយកចិត្តទុកដាក់ តាមដានយ៉ាងជិតស្និទ្ធ ដើម្បីស្វែងយល់ ពីការប្រែប្រួល នយោបាយនៅអាមេរិក ។

ប្រជាជនចិន បានធ្វើសេចក្តីសន្និដ្ឋានថា នយោបាយអាមេរិក ក៏មានចំណុចអាក្រក់ និងចំណុចល្អដំណាលគ្នា ហើយភាពមិនស៊ីចង្វាក់គ្នា រវាងអ្នកនយោបាយ និងប្រជាជន ក៏ជាសក្ខីភាពផងដែរ ចំពោះភាពទន់ខ្សោយ របស់សហរដ្ឋអាមេរិក លើឆាកអន្តរជាតិ ។

ប្រជាជនចិនយ៉ាងច្រើន បានមើលឃើញថា អ្នកនយោបាយអាមេរិក បានផ្សំគំនិតគ្នា ដើម្បីធ្វើឱ្យប្រទេសចិនធ្លាក់ចុះ និងជួបវិបត្តិ ហើយកាលពីអតីតកាល ជនជាតិចិនបានចាត់ទុក អាមេរិកជាប្រទេសជឿនលឿន ឈានមុខគេបំផុត និងអាចដោះស្រាយ​បញ្ហាអ្វីៗគ្រប់យ៉ាង ។ ក៏ប៉ុន្តែ មកដល់បច្ចុប្បន្ននេះ ព្រោះហេតុផល នៃវិបត្តិវីរុសCovid-19 ពួកគេមើលឃើញថា ពលរដ្ឋអាមេរិកមាន ភាពអាត្មានិយមខ្លាំង ប្រឆាំងនឹងវិទ្យាសាស្ត្រ និងប្រឆាំងនឹង អ្នកចេះដឹងរបស់ខ្លួនឯង តែផ្ទុយទៅវិញ អ្វីដែលប្រជាជនចិន យកចិត្តទុកដាក់ខ្លាំងជាងគេ គឺភាពរឹងមាំក្នុងសង្គម និងបូរណភាពទឹកដី របស់ចិន ហើយចិននឹងបន្ដកើនឡើង ដូច្នេះ ចិននឹងអាចប្រឈម កាន់តែខ្លាំងជាមួយអាមេរិក ។

ដើមចមនាំអោយកើតរឿង
ដើមចមដែលនាំអោយ ប្រទេសមហាអំណាច ពិភពលោកទាំងពីរ គឺសហរដ្ឋអាមេរិក និងប្រទេសចិន ប្រកួតប្រជែងដណ្តើមឥទ្ធិពលគ្នា ក្នុងតំបន់អាស៊ី គឺដោយសារប្រទេសចិន បានបង្កើនឥទ្ធិពល របស់ខ្លួន ជាបន្តបន្ទាប់ នៅក្នុងតំបន់នេះ និងនៅជុំវិញ ពិភពលោក ។

ប្រទេសចិន មានទីតាំងភូមិសាស្ត្រ នៅអាស៊ីខាងកើត ហើយតំបន់អាស៊ីទាំងមូល គឺជាទីតាំងនៅជិត ប្រទេសចិនបំផុត ដែលមូលហេតុនេះហើយ បានជាប្រទេសចិន ចង់ដណ្តើមយក អាស៊ីមុនសិន ទើបបន្តដំណើរដណ្តើម យកពិភពលោកទាំងមូល ពីអាមេរិក ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ប្រទេសចិន និងអាមេរិកអាចធ្វើការរួមគ្នា លើផលប្រយោជន៍រួម តួយ៉ាងលើបញ្ហា ផ្លាស់ប្តូរអាកាសធាតុ បញ្ហាសុខភាពសាធារណៈនិង បញ្ហាកំណើនសេដ្ឋកិច្ចសកល ។ ក៏ប៉ុន្តែ មនុស្សត្រូវមានភាពជាក់ស្ដែងនិយម ដែល អាមេរិកជាមហាអំណាចលេខ១នៅលើពិភពលោក និងមានទម្លាប់ស្ថិតនៅតំណែងកំពូលក្នុងកិច្ចការពិភពលោក ជាងមួយសតវត្សរ៍កន្លះរួចមកហើយ

ដូច្នេះអាមេរិកនឹង ប្រើគ្រប់មធ្យោបាយ ដើម្បីការពារតំណែង កំពូលរបស់ខ្លួននៅលើឆាកអន្តរជាតិ ។ ស្ថិតក្នុងស្ថានភាពបែបនេះ ទោះអាមេរិកជ្រើសរើស យកការប្រឈម ឬសហការ ឬជ្រើសរើសយក ការប្រកួតប្រជែង ឬក៏អត់ អ្វីដែលចិនអាចធ្វើបាន គឺការត្រៀមខ្លួនធ្វើឱ្យប្រទេសខ្លួន ខ្លាំងរហូតដល់គ្មានកម្លាំង ខាងក្រៅ ណាអាចកម្ទេចបាន ៕

ដោយ៖ អ៊ី ជិន

To Top