បរទេស៖ ប៉ូលីសថៃ បាននិយាយថា បុរសជនជាតិម៉ាឡេស៊ី អាយុ ៦៣ ឆ្នាំម្នាក់ ដែលមានឈ្មោះថា «David ស្តេចវីស្គីក្លែងក្លាយ» ត្រូវបានចាប់ខ្លួន នៅចំណតរថយន្តមួយកន្លែង នៅផ្សារទំនើបក្នុងទីក្រុងបាងកក ហើយបានសារភាពថា បានផលិតស្រា ក្លែងក្លាយជាង ៣០ ឆ្នាំមកហើយ ។
យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោក Chan Fat Yat ជាជនជាតិម៉ាឡេស៊ី ត្រូវបានចោទប្រកាន់ពីបទ ផលិតស្រាដោយខុសច្បាប់ ក្លែងបន្លំពាណិជ្ជសញ្ញា និងស្នាក់នៅហួសទិដ្ឋាការ។
ប៉ូលីសក៏បានដកហូតស្រាវីស្គីម៉ាក Johnnie Walker ក្លែងក្លាយចំនួន ២៦ ដប, ដបស្រាទទេ ១០០ ដប ដាក់ស្លាក Johnnie Walker, គំរបដបស្រាចំនួន ១៣២ ដែលមានម៉ាកយីហោបរទេស, ត្រាក្លែងក្លាយចំនួន ២៥២, ស្លាក Johnnie Walker, Chivas Regal whisky និង Penfolds Bin ៣៨៩ ស្លាក។
ជនសង្ស័យត្រូវបានឃាត់ខ្លួន ពេលកំពុងផ្តល់ស្រាវីស្គីដល់អតិថិជនម្នាក់ នៅឯចំណតរថយន្ត នៃផ្សារទំនើប Mall Bang Kapi កាលពីរសៀលថ្ងៃច័ន្ទ។ ជនសង្ស័យបានព្យាយាម បើករថយន្តគេចខ្លួន ប៉ុន្តែនៅតែត្រូវបានចាប់ខ្លួន ៕
ប្រែសម្រួលៈ ណៃ តុលា