ភ្នំពេញ ៖ ផលិតកម្មទីក្រុងភាពយន្តថោន និងផលិតកម្មដ៏ល្បីរបស់ GMM (Grammy)មកពីប្រទេសថៃ បានចុះអនុស្សារណៈយោគយល់ ជាមួយគ្នានាថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ដោយរួមគ្នាពង្រីក ទីផ្សារផ្នែកវិស័យសិល្បៈកំសាន្ត ។
ភាគីទាំង២ក៏រួមគ្នាបង្កើត YouTube ថ្មីមួយឈ្មោះថា “TOWN x GMM GRAMMY”។ នេះជាព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមិនធ្លាប់មានពីមុនមកនៅកម្ពុជា។
លោកស្រី វ៉ា នីតា ប្រធានក្រុមហ៊ុន ថោនអ៊ិនធឺធេនមែនគ្រុប បានថ្លែងថា ផលិតកម្ម ទីក្រុងភាពយន្ត (ថោន) ប្រចាំកម្ពុជា និងផលិតកម្ម GMM (GRAMMY) ប្រចាំប្រទេសថៃ បានរួមគ្នា ចុះកិច្ចព្រមព្រៀង ពង្រីកទីផ្សារផ្នែកវិស័យសិល្បៈកំសាន្ត រួមគ្នាផលិតបទចម្រៀង រួមគ្នាបង្កើតព្រឹត្តិការណ៍ ប្រគុំតន្ត្រី (Concerts) បង្កើតរស់ជាតិថ្មី ស្របតាមតម្រូវការទីផ្សារ នាពេលបច្ចុប្បន្ន ក៏ដូចជាទៅអនាគត។
លោកស្រី វ៉ា នីតា បន្តថា “ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាពលរដ្ឋ ពិសេសយុវវ័យ ដែលបានគាំទ្រស្នាដៃផលិត ពីផលិតកម្មយើងខ្ញុំ នៅពេលនេះ ផលិតកម្ម ទីក្រុងភាពយន្ត និងផលិតកម្ម GMM បាន រួមគ្នាបង្កើតបណ្តាញសង្គម YouTube ថ្មីមួយឈ្មោះថា «TOWN x GMM GRAMMY» អាស្រ័យហេតុនេះ សូមបន្តការគាំទ្របន្ថែមទៀត ជាមួយការចូលទស្សនា កំសាន្តផ្ទាំងទស្សនីភាព យ៉ាងសំបូរបែបដោយសេរី។ ការគាំទ្ររបស់ពុកម៉ែ បងប្អូន មិត្តយុវវ័យ គឺជាកម្លាំងចិត្ត ដ៏អស្ចារ្យ របស់យើងខ្ញុំ ឲ្យកាន់តែខិតខំបង្កើតផលិតផលថ្មីៗជូន”។
លោកស្រីបន្ថែមទៀតថា ផលិតកម្ម ទីក្រុងភាពយន្ត និងផលិតកម្ម GMM បានរួមគ្នាធ្វើទំនើបកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ឲ្យបានទាន់ពេល និងកាន់តែទូលំទូលាយ ជាពិសេស ខិតខំសំអិតសំអាង ផលិតកម្មវិធីល្អៗ ឲ្យបានច្រើន ដើម្បីបំពេញតាម តម្រូវការទីផ្សារក្នុងស្មារតីទទួលខុសត្រូវ សំដៅរួមគ្នាលើកកម្ពស់វិស័យសិល្បៈ ឲ្យមានភាពល្បីល្បាញ រួមគ្នាការពារគោរពគាំទ្រ លើស្នាដៃអ្នកនិពន្ធ និងក្រុមអ្នកផលិត ក្នុងន័យការលើកទឹកចិត្ត ផ្តល់តម្លៃម្ចាស់កម្មសិទ្ធ។
នាយកគ្រប់គ្រងទូទៅ ប្រចាំផលិតកម្មថោន លោក អ៊ិន រិទ្ធីចិត្រ បានមានប្រសាសន៍ថា ថោនបានបោះជំហ៊ានទៅមុខ មួយជំហ៊ានទៀត ដោយបានសហការ ជាមួយផលិតកម្មល្បី របស់ប្រទេសថៃ ដោយការចុះអនុស្សារណៈជាមួយគ្នា។
សូមបញ្ជាក់ថា ផលិតកម្មទីក្រុងភាពយន្តមានអាយុ កាល ១០ឆ្នាំ មានតារាចម្រៀង ប្រុស ស្រី និងតារា សម្តែងល្បីៗ ជាច្រើន បានរស់នៅជាមួយថោន បង្កើតបានជាផ្ទាំងទស្សនីយភាព ដ៏ជក់ចិត្ត បំរើដល់សាធារ ណៈជន។ រាប់ចាប់តាំងពីថោន បានចាប់កំណើត ជាមួយការទទួលបាន ការគាំទ្រពីមហាជនទាំងក្នុង និងក្រៅប្រទេស ផលិតកម្ម ទីក្រុងភាពយន្ត បានពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីចូលរួមចំណែក ការកសាងអភិវឌ្ឍន៍សង្គមជាតិ។
ជាការពិតភាពរីកចំរើន និងការគាំទ្រពីមហាជនធ្វើឲ្យ ផលិតកម្មទីក្រុងភាពយន្ត បានពង្រីកសេវាកម្មរបស់ខ្លួន ជាបន្តបន្ទាប់ រហូតបង្កើតជាក្រុមហ៊ុន ថោនអ៊ិនធឺធេនមែនគ្រុប ដោយមានបុត្រសម្ព័ន្ធចំនួន ៥ រួមមាន ៖
ផលិតកម្មទីក្រុងភាពយន្ត (ថោន)
ស្ថានីយវិទ្យុ ថោន FM102.25MHz
ស្ថានីយវិទ្យុ ថប FM92.30MHz
ស្ថានីយទូរទស្សន៍ TOWN FULLHD TV
និងផលិតកម្ម TOP MUSIC៕