ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ជំរុញកូរ៉េខាងជើង កុំឲ្យបង្កហេតុ ក្នុងដំណាក់កាលដំបូង នៃរដ្ឋបាលរបស់លោក ចូ បៃដិន

សេអ៊ូល៖ រដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមលោក លី អ៊ីនយ៉ាំង បានអំពាវនាវជាថ្មីដល់កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ឱ្យចៀសវាងពីការបង្កហេតុនានា ចំពេលមានការព្រួយបារម្ភ ថាក្រុងព្យុងយ៉ាង អាចព្យាយាម សាកល្បងរដ្ឋបាលថ្មី អាមេរិក របស់ប្រធានាធិបតី ជាប់ឆ្នោតលោក ចូ បៃដិន។

លោកលី បានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថា និមិត្ដរូបនៅក្នុងវេទិកា ស្តីពីសន្តិភាពដោយជំរុញឱ្យកូរ៉េខាងជើង គោរពតាមកិច្ចព្រមព្រៀងកំពូល ដែលចុះហត្ថលេខា រវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងមេដឹកនាំ កូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅឆ្នាំ២០១៨ ដើម្បីកាត់បន្ថយភាពតានតឹង និងជំរុញកិច្ចសហប្រតិបត្តិការ។

លោកបានលើកឡើងថា “ខ្ញុំបាននិយាយរឿងនេះ ម្តងហើយម្តងទៀត ជាច្រើនដង ប៉ុន្តែមិនគួរមានការបង្កហេតុណាមួយ ពីប្រទេសកូរ៉េខាងជើងនោះទេ ពីព្រោះវាផ្ទុយទៅនឹង កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខា ដោយកូរ៉េទាំងពីរ ហើយវាផ្ទុយនឹងឆន្ទៈ ប្រជាជនរបស់យើង និងបំណងប្រាថ្នា ដើម្បីសន្តិភាព” ។

លោកលី បានបន្ដថាវិធីសាស្រ្ត របស់ប្រធានាធិបតី ជាប់ឆ្នោតអាមេរិក លោកចូ បៃដិន ឆ្ពោះទៅប្រទេសកូរ៉េខាងជើង អាចនឹងមានភាពបត់បែន ដោយចង្អុលបង្ហាញថា លោក បៃដិន បានទុកឱកាស សម្រាប់កិច្ចប្រជុំកំពូល ជាមួយលោកគីម ស្តីពីលក្ខខណ្ឌ ដែលលោកគីម យល់ព្រមកាត់បន្ថយ សមត្ថភាព នុយក្លេអ៊ែរ របស់ប្រទេសរបស់លោក៕

ដោយ ឈូក បូរ៉ា

To Top